ឃាត់ខ្លួន អ្នកឧកញ៉ាហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងកងអង្គរក្ស១៣នាក់

ភ្នំពេញ ៖ អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងកងអង្គរក្ស ចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្នាក់ការក្រុមហ៊ុន ពិភពដីមាស ដែល ស្ថិតនៅ ភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា « ជាលទ្ធផលសមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យចំនួន១៤រូប រួមមានម្ចាស់ក្រុមហ៊ុន ឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងអង្គរក្ស១៣រូប ឃាត់ខ្លួនពាក់ព័ន្ធករណីរារាំងនិងប្រើអំពើហិង្សាមកលើសមត្ថកិច្ច» ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែសីហា អតិថិជនរាប់សិបនាក់ បានមកតវ៉ា មុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ដើម្បីឱ្យអគ្គនាយកក្រុមហ៊ុនរកដំណោះស្រាយ ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់អ្នកឧកញ៉ា ប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី និងវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។

តាមទិន្នន័យបឋមគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ខេត្តកំពត និងខេត្តមួយចំនួនទៀត គឺសរុបមាន៧០៨បណ្ដឹង សរុបទឹកប្រាក់ម្ចាស់បណ្ដឹងខាតបង់ មានចំនួនជាង១៣លានដុល្លារសហរដ្ឋអាមេរិក និងបណ្ដឹងរាប់រយអតិថិជនផ្សេងទៀត ដែលបានមកដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងមកនេះ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *