រថយន្តពីរគ្រឿងបុកគ្នាលើស្ពានអាកាស៧មករា សំណាងពុំមានមនុស្សគ្រោះថ្នាក់

ភ្នំពេញ ៖ រថយន្ត Lexus NX200t មួយគ្រឿងបើកបរមិនប្រយ័ត្នបណ្ដាលឱ្យជ្រុលចង្កូតបុក រថយន្ត Prius ពីក្រោយខាងឆ្វេង បណ្ដាលឲ្យរថយន្ត Prius រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួនបីកង់ ហើយរថយន្តក្រឡាប់ផ្ងារមួយកង់ចំហៀង ចំណែកឯរថយន្ត Lexus ឡើងលើបង្កាន់ដៃស្ពានកល់ជាប់ទៅមុខ លែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានអាកាស៧មករា ផ្នែកខាងលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Toyota prius ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BD-8274 និង រថយន្ត Lexus NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2 BR-2986 ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ដោយរថយន្ត Prius បើកបរនៅខាងមុខ ,ឯរថយន្ត Lexus បើកបរនៅខាងក្រោយ  ។

លុះបើកឡើងលើស្ពានបានបន្តិច ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត Lexus ជ្រុលបុករថយន្តPriusពីក្រោយខាងឆ្វេងបណ្ដាលឱ្យរថយន្ត Prius ររចង្កូតទៅខាងឆ្វេងដៃជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួនបីកង់ ហើយក្រឡាប់ផ្ងារកង់មួយចំហៀងរងការខូចខាតយ៉ាងដំណំ ។ចំណែករថយន្ត Lexus រេចង្កតមកខាងស្ដាំដៃជ្រុលឡើងលើបង្កាន់ដៃស្ពានកល់ជាប់ទៅមុខ, តែសំណាងល្អក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *