បញ្ជាទិញទូទឹកកកនិងទូបោកខោអាវម៉ាកសាមសុង , បុរសម្នាក់យកលុយចាយអស់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោក ចោទក្នុងករណី «រំលោភលើទំនុកចិត្ត»នៅផ្ទះលេខ៦០ស្ទួន ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ឧសភាឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីរសៀល។

សមត្ថកិច្ចនិយាយថា ដើមបណ្តឹងឈ្មោះកែវ រិទ្ធា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះ៥៨ដេ ភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ជនសង្ស័យឈ្មោះ ខេង ពេជ្រដារ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអេឡិចត្រូនិច ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបន្តថា កាលពីដើមឆ្នាំ២០២៣ ជនសង្ស័យបានបញ្ជាទិញទូទឹកកក ០៣គ្រឿង ម៉ាកសាមសុង  និងទូបោកខោអាវ៣គ្រឿង ម៉ាកសាមសុង ពីក្រុមហ៊ុន KM Center។ បន្ទាប់មកជនសង្ស័យបានបញ្ជាទិញទូទឹកកក០៩គ្រឿង និងទូបោកខោអាវ ០៧គ្រឿងទៀត (តម្លៃសរុប ៤,៩៨២ដុល្លា) តែជនសង្ស័យពុំបានទូទាត់ប្រាក់ឱ្យក្រុមហ៊ុនទេ ហើយយកទូទឹកកក និងទូបោកខោអាវទៅលក់បន្តយកប្រាក់ស៊ីចាយអស់។ 

សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២៣ ម៉ោង៣និង៣០នាទីរសៀល ក្រុមហ៊ុន បានទាក់ទងជនសង្ស័យទូទាត់ប្រាក់ ពេលនោះជនសង្ស័យគេចខ្លួនរហូត។ លុះដល់ថ្ងៃទី០៧សីហាឆ្នាំ២០២៣ ម៉ោង៣និង៣០នាទីរសៀលតំណាងក្រុមហ៊ុនឃើញជនសង្ស័យនៅភូមិកើតហេតុ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៕( ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *