ឯកឧត្តម ស សុខា សំណេះសំណាលនិងថ្លែងអំណរគុណ គណៈកម្មការរៀបចំការប្រកួតបាល់ទះ

ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ បានដំណើរការយ៉ាងរលូន និងបញ្ចប់ទៅប្រកបដោយជោគជ័យជាទីមោទនៈ ជាពិសេស ក៏បានមើលឃើញពីចំណុចខ្លាំង ចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា ដើម្បីធ្វើការកែលម្អយ៉ាងណាឲ្យការប្រកួតលើកក្រោយៗទៀត កាន់តែមានភាពរលូន សុក្រឹត្យ និងទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការថ្លែងអំណរគុណ ដល់គណៈកម្មការរៀបចំការប្រកួត កីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ និងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន យ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ដឹកនាំដំណើរការប្រកួតបានយ៉ាងល្អប្រសើរ។

ជាមួយនឹងជោគជ័យដ៏អស្ចារ្យនេះ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណ ដល់សមាគមកីឡា និងក្លិបកីឡាព្រមទាំងដៃគូសហការ សារព័ត៌មានត្រយង ប្រតិភូកីឡា កីឡាករ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អ ក្នុងការរៀបចំការប្រកួត កីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *