យុវជនម្នាក់បាត់បង់ជីវិត ដោយសារហ្វូងក្របីអាណាធិបតេយ្យ

កោះកុង ៖ យុវជនម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេបានបើកម៉ូតូបុកជាមួយហ្វូងសត្វក្របីនៅលើផ្លូវជាតិលេខ៤៨ កាលពីវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ នៅត្រង់ចំណុចអូរស្រីស្រណោះ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបាននៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ថា យុវជនដែលបាត់បង់ជីវិតឈ្មោះ នី ពិសិដ្ឋ អាយុ១៩ឆ្នាំ រស់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ  មុខរបរបុគ្គលិកទឹកស្អាត បើកបរម៉ូតូម៉ាកអ៊ិចស៊ីទ័រ ព័ណខ្មៅ គ្មានស្លាកលេខ ។ ចំណែកអ្នករួមដំណើរឈ្មោះ សន លីហួរ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករស់នៅក្បែរផ្ទះគ្នា មានមុខរបរជាកម្មករទឹកស្អាត រងរបួសធ្ងន់ ។

លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទបានសន្និដ្ឋាន ថា ហ្វូងសត្វក្របីខាងលើភាគច្រើនជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយពួកគាត់ភាគច្រើនចិញ្ចឹមសត្វដោយការព្រលែងពុំមានចំណងត្រឹមត្រូវនោះឡើយ ដោយបានបណ្តាលឱ្យហ្វូងសត្វរបស់ខ្លួនដើរពាសវាលពាសកាល និងតែងតែបង្កបញ្ហាដល់អ្នកដំណើរជាហូរហែ។ទោះបីជាកន្លងមកអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់បានកោះហៅម្ចាស់សត្វពាហនៈទាំងនោះ មកធ្វើការណែនាំជាច្រើនលើកសាហើយយ៉ាងណាក្តី ក៏ភាគីម្ចាស់សត្វទាំងនោះ ហាក់ពុំសូវចូលរួមសហការនោះឡើយ ។

ជុំវិញបញ្ហាខាងលើ មហាជនជាច្រើន បានធ្វើការសំណូមពរដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈទាំងអស់ មេត្តាចិញ្ចឹមសត្វដោយប្រកាន់នូវគោលជំហរខ្ពស់ កុំព្រលែងសត្វចិញ្ចឹមរបស់ខ្លួនឱ្យដើរអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈនិងបង្កជាបញ្ហាផ្សេងៗទៅដល់ការធ្វើដំណើររបស់អ្នកដទៃផងដែរ ពិសេសស្នើដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់សត្វពាហនៈដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ។

សូមរំលឹកថា កន្លងមកនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកោះកុង ក៏ធ្លាប់ជួបប្រទះនូវបញ្ហាផ្សេងៗជាច្រើនជាមួយសត្វពាហនៈនៅតាមដងផ្លូវ រហូតបង្កទៅជារបួសធ្ងន់ស្រាល និងស្លាប់ជាច្រើនករណី តែម្ចាស់ចិញ្ចឹមសត្វ ហាក់ពុំដែលចេញមុខមកដោះស្រាយនោះឡើយ ដោយពួកគាត់តែងតែធ្វើការបដិសេដ្ឋថា «សត្វនោះពុំមែនជារបស់ខ្លួនឡើយ»៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *