ចំនួនអ្នកបាត់បង់ជីវិតដោយសារភ្លើងព្រៃ នៅកោះហាវ៉ៃ អាចនឹងកើនឡើង

បរទេស ៖ លោក ចូស ហ្គ្រីន (Josh Green) អភិបាលរដ្ឋហាវ៉ៃ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលបានប្រែក្លាយទីប្រជុំជនរមណីយដ្ឋានឡាហៃណា (Lahaina) នៅលើកោះម៉ាអ៊ុយ (Maui) នៃរដ្ឋហាវ៉ៃទៅជាផេះផង់ រំពឹងកើនឡើង «យ៉ាងខ្លាំង»កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ។

ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៦ នាក់បានបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យបានឆាបឆេះកាលពីល្ងាចថ្ងៃអង្គារ និងជាច្រើននាក់ទៀតបានរងរបួសរលាក ស្រូបផ្សែង និងរបួសផ្សេងៗទៀត ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះនៅតែបន្ត ហើយមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីតំបន់នោះ ទៅកាន់ជម្រកសង្គ្រោះបន្ទាន់ និង នៅក្រៅកោះ។

លោកហ្គ្រីនបានប្រាប់ CNN នៅមុនសន្និសីទសារព័ត៌មានដែលគ្រោងធ្វើកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «យើងដឹងថាមនុស្សកាន់តែច្រើននឹងនាត់បង់ជីវិត។ អ្នកនឹងឃើញតួលេខចូលខ្ទង់ ៤០ នាក់យ៉ាងតិចនៅថ្ងៃនេះ»។

គ្រោះអគ្គិភ័យបានលេបត្របាក់សង្កាត់ទាំងមូលៗទៅជាផេះ នៅផ្នែកខាងលិចនៃកោះរបស់សហរដ្ឋអាមេរិកមួយនេះ។ឡាហៃណា ដែលជាកន្លែងទាក់ទាញដ៏សំខាន់មួយរបស់កោះម៉ាអ៊ុយ ដោយទាក់ទាញអ្នកទេសចរពីរលាននាក់មកកោះនេះជារៀងរាល់ឆ្នាំ ឬ ប្រហែល ៨០ ភាគរយនៃអ្នកទស្សនាកោះនេះ។

ចំពោះភ្លើងឆេះព្រៃនេះបានធ្វើឱ្យអ្នកស្រុកនិងអ្នកទេសចរភាគច្រើននៃទីប្រជុំជនឡាហៃណា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកវាបានឆេះឡើង ដោយបង្ខំឱ្យអ្នកខ្លះលោតចូលទៅក្នុងមហាសមុទ្រដើម្បីគេចចេញពីគ្រោះមហន្តរាយដ៏លឿននេះ។

នីកូអូនជេឡូ នីកឃើបុកឃើ (Nicoangelo Knickerbocker) អាយុ ២១ ឆ្នាំជាអ្នករស់នៅឡាហៃណា ទើបតែភ្ញាក់ពីដំណេក កាលពីល្ងាចថ្ងៃអង្គារ នៅពេលដែលរូបគេបានឃើញភ្លើងកំពុងឆេះស្រុកកំណើតរបស់ខ្លួន។ ម្តាយនិងប្អូនស្រីរបស់គេបានរត់គេចខ្លួន ខណៈរូបគេនិងមិត្តភក្តិមួយចំនួនទៀតបានទៅផ្ទះអ្នកជិតខាង ជួយវេចខ្ចប់របស់របរ និងព្យាយាមពន្លត់ភ្លើងដោយទុយោសួនច្បារ។

នីកឃើបុកឃើ បន្តថា «វាក្តៅខ្លាំងណាស់នៅជុំវិញខ្លួនខ្ញុំ ខ្ញុំមានអារម្មណ៍ថាដូចជាអាវរបស់ខ្ញុំហៀបនឹងឆេះ» ពីកន្លែងសង្គ្រោះបន្ទាន់មួយក្នុងចំណោមកន្លែងសង្គ្រោះបន្ទាន់ចំនួនបួន ដែលបានបើកនៅលើកោះ។ 

ចំណែកសារព័ត៌មាន Hawaii News Now បាន​និយាយ​ថា «ជម្រក​ទាំងនោះ​មាន​មនុស្ស​រស់នៅ​ជាង​ ២.១០០ ​នាក់​»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *