ចំនួនអ្នកបាត់បង់ជីវិតដោយសារភ្លើងព្រៃនៅរដ្ឋហាវ៉ៃ កើនឡើងដល់ ៦៧ នាក់

បរទេស ៖ ចំនួនអ្នកស្លាប់នៅកោះម៉ាអ៊ុយ (Maui) មៃរដ្ឋហាវ៉ៃ បានកើនឡើងដល់ ៦៧ នាក់គិតត្រឹមថ្ងៃសុក្រ ខណៈដែលក្រុមមន្ត្រីបានបញ្ជាក់ពីអ្នកស្លាប់ចំនួន ១២ នាក់ផ្សេងទៀតពីគ្រោះអគ្គិភ័យដ៏ធំ ដែលបានប្រែក្លាយតំបន់ដ៏ធំ នៃទីប្រជុំជនចំណាស់រាប់សតវត្សរ៍ទៅជាឋាននរកនៃកម្ទេចថ្មផេះផង់។

ក្រុមមន្ត្រីនៅតំបន់ម៉ាអ៊ុយខោនធី (Maui County) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអ៊ីនធឺណិតថា«ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តពន្លត់ភ្លើង ដែលមិនទាន់អាចពន្លត់បានពេញលេញនៅឡើយ»។ ជាមួយគ្នានេះដែរអ្នកស្រុកនៃទីប្រជុំជនឡាហៃណា (Lahaina) ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជាលើកដំបូង ដើម្បីវាយតម្លៃការខូចខាត។

បើតាមអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press បានមើលឃើញការបំផ្លិចបំផ្លាញនេះ ដោយស្ទើរតែគ្រប់អគារទាំងអស់បានប្រែក្លាយជាកម្ទេចកម្ទីនៅលើផ្លូវ Front Street ដែលជាបេះដូងនៃសហគមន៍កោះម៉ាអ៊ុយនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃកោះនេះ។ 

សត្វមាន់ ដែលធ្លាប់តែឃើញដើររងាវតាមដងផ្លូវរដ្ឋកោះហាវ៉ៃនេះ បានដើរឆ្លងកាត់គំនរផេះ រួមទាំងការកកស្ទះចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចនៃខ្មោចរថយន្តឆេះរាប់សិបគ្រឿង ដែលមិនបានដកចេញទាន់ពេលពីគ្រោះមហន្តរាយខាងលើនេះ។

រថយន្ត ​ដែល​ត្រូវបានឆេះខូចខាត ត្រូវបាន​បង្គោល​ទូរសព្ទដួលសង្កត់ពីលើ។ ជណ្តើរយន្តប្រអប់ ដែលឆាបឆេះបានឈរជាសក្ខីភាពចំពោះអគារផ្ទះល្វែងដែលរងការឆេះបំផ្លាញ។ អាងទឹកគឺពោរពេញដោយទឹកពណ៌ធ្យូងខ្មៅ ហើយឧបករណ៍លោតនិងស្គូតធឺ​ក្មេងលេងបាន​ខូចខាត​ដោយសារកម្តៅ​ភ្លើងខ្លាំង ។

លោក ខាយ សានហស់ (Kyle Scharnhorst) ជាអ្នកស្រុកឡាហៃណា បាននិយាយនៅពេលគាត់អង្កេតមើលការខូចខាតអគារផ្ទះល្វែងរបស់គាត់នៅពេលព្រឹកថា «ភ្លើងវាបានវាយលុកយ៉ាងលឿន វាពិតជាមិនគួរឱ្យជឿ។ វាដូចជាតំបន់សង្រ្គាមយ៉ាងអ៊ីចឹង»។

ភ្លើងឆេះព្រៃគឺជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតរបស់រដ្ឋហាវ៉ៃក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ គឺសាហាវហួសពីរលកយក្សស៊ូណាមីឆ្នាំ ១៩៦០ ទៅទៀត ដែលបានសម្លាប់មនុស្ស ៦១ នាក់នៅគ្រានោះ។ 

រលកយក្សស៊ូណាមីដ៏សាហាវបំផុតក្នុងឆ្នាំ ១៩៤៦ ដែលបានសម្លាប់មនុស្សជាង ១៥០ នាក់នៅលើកោះធំរបស់រដ្ឋ បានជំរុញឱ្យមានការអភិវឌ្ឍប្រព័ន្ធប្រកាសអាសន្នទូទាំងដែនដីនេះ រួមមានទាំងស៊ីរ៉ែន ដែលត្រូវបន្លឺជារៀងរាល់ខែ ដើម្បីសាកល្បងការត្រៀមខ្លួនរបស់ពួកគេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *