ជើងខ្លាំង​បើក​ Pass App បញ្ច្រាស់ទិសដៅ​ចរាចរណ៍​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​ ត្រូវនគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​

កណ្តាល ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញមុខសញ្ញាជាម្ចាស់ម៉ូតូកង់បីឥណ្ឌា( Pass App )រួមទាំងម៉ូតូកង់បីឥណ្ឌា នាយប់ថ្ងៃទៅ១៥សីហាឆ្នាំ២០២៣ ដែលបំពានច្បាប់ចរាចរណ៍ ហើយបានគំរាមកំហែងប្រុងប្រើហិង្សា ទៅលើអ្នកដំណើរដែលគោរពច្បាប់ ។

សមត្ថកិច្ចនិយាយថា អ្នកបើកបរឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ម៉ូតូកង់បីឥណ្ឌា ដែលបើកបញ្ច្រាសទិសពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AB-5481 ។

សមត្ថកិច្ចបន្តថា ដំបូងម្ចាស់ម៉ូតូកង់បី បានបើកបរតាមមហាវិថីព្រះនរោត្តមពីជើងទៅត្បូងបញ្ច្រាសទិស, លុះដល់មុខស្ថានទូតថៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏មានរថយន្តមួយគ្រឿងដែលបើកស្របទិសដៅ ស្រាប់តែម្ចាស់ម៉ូតូកង់បីចេញមករករឿងឈ្លោះ ហើយស្ទុះយកដែកជ្រុងប្រុងវាយទៅលើម្ចាស់រថយន្តថែមទៀង ។ បន្ទាប់មកបុរសនោះក៏បើកម៉ូតូកង់បីគេចបាត់។ រហូតដល់ពេលយប់ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។

លោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងថា​ «ជើងខ្លាំង​បើក​ Pass App បញ្ច្រាស់ទិសដៅ​ចរាចរណ៍​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​បានហើយ​នៅ​ស្រុក​ខ្សាច់កណ្ដាល​» ។  

ពេល​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​កំពុង​រៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​ ដោយហេតុ​ការ​ណ៍នេះ​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ ៕(ដោយ ៖ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *