បុរសម្នាក់បើកម៉ូតូ បុកឡានចតស្ងៀម បាត់បង់ជីវិតភ្លាមៗ

បន្ទាយមានជ័យ ៖ បុរសម្នាក់មានមុខរបរជាកម្មករបានបាត់បង់ជីវិតភ្លាមៗ ដោយសារជិះម៉ូតូបុករថយន្តកំពុងឈប់នៅលើទ្រូងផ្លូវនៃផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តម៉ុងចិនប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទីព្រឹក។

នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពុំមានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ីម ដារា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ។

នគរបាលបន្តថា ដំបូងមានរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-7784 (អ្នកបើកបរមិនស្គាល់ឈ្មោះ) បានឈប់ចោលលើទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្ន បែរក្បាលទៅទិសខាងកើត ។ក្រោយមកស្រាប់តែមានម៉ូតូ០១គ្រឿងបើកក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត បានបុករថយន្តខាងលើពីក្រោយរថយន្តបណ្តាលឱ្យគ្រោះថ្នាក់បាត់បង់ជីវិតតែម្តង ។ 

បច្ចុប្បន្នយានទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំពោះសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *