ក្រុងព្យុងយ៉ាង និយាយថា «ទាហានអាមេរិកលួចឆ្លងព្រំដែនខុសច្បាប់»

បរទេស ៖​​ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង KCNA បាននិយាយដោយដកស្រង់ការស៊ើបអង្កេតមួយកាលពីថ្ងៃពុធទី១៦សីហាថា «មានទាហានអាមេរិកដែលឆ្លងព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែមុន បានសារភាពថាគាត់បានលួចចូលដោយខុសច្បាប់»។

របាយការណ៍នេះគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងពីកូរ៉េខាងជើងលើករណីរបស់ ត្រាវីស ឃីង (Travis King) ដែលបានកំពុងធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ បន្ទាប់ពីមានការប្រតាយប្រតប់ជាមួយប៉ូលិសកូរ៉េខាងត្បូង នៅពេលដែលរូបគេរត់គេចខ្លួនដើម្បីចូលរួមក្រុមដំណើរទេសចរណ៍មួយទៅកាន់តំបន់គ្មានយោធា។

KCNA បាននិយាយថា យោងតាមការស៊ើបអង្កេតដោយស្ថាប័នពាក់ព័ន្ធរបស់កូរ៉េខាងជើង ត្រាវីស ឃីង បានសារភាពថា «គាត់បានលួចចូលទឹកដីកូរ៉េខាងជើងដោយខុសច្បាប់»។

KCNA បានបន្ថែមថា ក្នុងអំឡុងពេលស៊ើបអង្កេត ត្រាវីស ឃីង បានសារភាពថាគាត់បានសម្រេចចិត្តមកកូរ៉េខាងជើងខណៈគាត់មានអារម្មណ៍មិនល្អចំពោះនឹងការធ្វើបាបគ្នាយ៉ាងអមនុស្សធម៌និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពអាមេរិក។

បន្ទាប់ពីការឈ្លោះប្រកែកគ្នាក្នុងហាងស្រាទាំងស្រវឹង ឧបទ្ទវហេតុជាមួយប៉ូលិស និង ការស្នាក់នៅក្នុងពន្ធនាគារកូរ៉េខាងត្បូង ទាហានសក្តិ១ ត្រាវីស ឃីង ត្រូវបាននាំទៅកាន់អាកាសយានដ្ឋានកាលពីខែមុនដើម្បីហោះត្រឡប់ទៅរដ្ឋតិចសាស់វិញ។

ការធ្វើដំណើរទៅកាន់បន្ទាយហ្វតប្លីស (Fort Bliss) សម្រាប់សវនាការវិន័យ ឃីងបានរត់គេចខ្លួន ចូលរួមក្នុងក្រុមដំណើរកម្សាន្តទស្សនាតំបន់គ្មានយោធា ហើយក៏លួចឆ្លងព្រំដែនតែម្តង។

KCNA បាននិយាយកាលពីថ្ងៃពុធដោយបញ្ជាក់ពីការឃុំខ្លួនឃីងនៅកូរ៉េខាងជើងជាលើកដំបូងថា ឃីង បានមកដើម្បីឱ្យទុកគាត់នៅក្រោមការគ្រប់គ្រងដោយទាហាននៃកងទ័ពប្រជាជនកូរ៉េដែលបំពេញកាតព្វកិច្ច ខណៈដែលគាត់បានលួចចូលដោយចេតនាក្នុងតំបន់នៃភាគីកូរ៉េខាងជើង រវាងបន្ទប់សម្រាប់ការទំនាក់ទំនងយោធាកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក និងបន្ទប់សម្រាករបស់មន្រ្តីសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនយោធា។

KCNA បាននិយាយថា «គាត់ក៏បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការស្វែងរកសិទ្ធិជ្រកកោននៅកូរ៉េខាងជើងឬប្រទេសទីបីផងដែរ ដោយនិយាយថា«គាត់មានការខកចិត្តចំពោះសង្គមអាមេរិកដែលមិនស្មើគ្នា ,ការស៊ើបអង្កេតរបស់រដ្ឋាភិបាលនៅតែកំពុងបន្តនៅឡើយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *