លោកហ្សេលេនស្គី ប្តេជ្ញាសងសឹក ចំពោះការវាយប្រហារមីស៊ីលរបស់ពូទីន

បរទេស ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានប្តេជ្ញាសងសឹកចំពោះរុស្ស៊ី បន្ទាប់ពីពួកគេបានបាញ់មីស៊ីលទៅលើទីក្រុងមួយ បណ្តាលឱ្យមនុស្ស ៧នាក់បាត់បង់ជីវិត និង របួសជាង១០០នាក់ កាលពីថ្ងៃសៅរ៍កន្លងទៅ ។

លោកហ្សេលេនស្គី បានសន្យានៅក្នុងសុន្ទរកថាតាមវីដេអូកាលពីព្រឹកថ្ងៃអាទិត្យទី២០សីហាថា «ទាហានអ៊ុយក្រែននឹង ឆ្លើយតបជាក់ស្តែង ចំពោះការវាយប្រហារទៅលើរោងមហោស្រពនិងទីលានសាធារណៈក្នុងទីក្រុងឆឺនីហ៊ីវ(Chernihiv) ភាគខាងជើង កាលពីថ្ងៃសៅរ៍»។

លោកបានបន្ថែមថា «ចូរយើងប្រឹងប្រែងបន្ថែមទៀតដើម្បីបង្រួបបង្រួមពិភពលោកប្រឆាំងនឹងភេរវកម្មរបស់រុស្ស៊ី។សូមជួយផ្តល់ឱ្យរដ្ឋយើងកាន់តែច្រើន ដើម្បីការពារអាយុជីវិតប្រជាជន ។ រុស្ស៊ី​ត្រូវតែ​ចាញ់​សង្គ្រាម​នេះដើម្បីឱ្យអាយុជីវិតជាអ្នកឈ្នះ​»។

លោកប្រធានាធិបតីអាយុ ៤៥ ឆ្នាំរូបនេះបានថ្លែងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ុយអែត ថា«មានកុមារ ១៥ នាក់បានស្ថិតក្នុងចំណោមអ្នករងរបួសហើយក៏បានបញ្ចេញឈ្មោះក្មេងស្រីសូហ្វីយ៉ា (Sofia) អាយុ៦ឆ្នាំថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកបាត់បង់ជីវិតក្នុងសោកនាដកម្មនេះផងដែរ»។

មាន​ជន​ស៊ីវិលជាច្រើននាក់ ដែល​កំពុង​ប្រារព្ធ​ពិធី​បុណ្យសាសនាគ្រិស្តអូស្សូដក់ (Orthodox) ​នៅ​ព្រះវិហារ​ក្បែរ​នោះ ​ដែល​រង​ការ​ខូច​ខាត​រួមជាមួយ​នឹង​អគារ​សាកល​វិទ្យាល័យ​មួយនៅជិតគ្នា។

លោក វីយ៉ាឆេស្លាវ ឆូស (Vyacheslav Chaus) អភិបាលនៃតំបន់ទីក្រុងឆឺនីហ៊ីវ បានបង្ហាញថា មានមនុស្សសរុប១៤៨ នាក់បានរងរបួសនៅក្នុងការវាយប្រហារ ដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិថាសាហាវឃោរឃៅ។

លោក ដេនីស ប្រោន (Denise Brown) អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អ.ស.បសម្រាប់អ៊ុយក្រែន បាននិយាយថា «វាសាហាវណាស់ក្នុងការវាយលុកទីលានសំខាន់ៗនៃទីក្រុងធំមួយទាំងព្រឹក ខណៈដែលមនុស្សកំពុងដើរនិងអ្នកខ្លះកំពុងទៅព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យសាសនាសម្រាប់ប្រជាជនអ៊ុយក្រែនភាគច្រើន»។

ចំណែកអាជ្ញាធរអ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​បាន​កំណត់​គោលដៅ​ដោយ​ចេតនា​លើ​រោង​មហោស្រព​នេះ ព្រោះទីកន្លែងនេះ​កំពុង​រៀបចំ​ការ​ប្រមូល​ផ្តុំ​នៃ​ក្រុមហ៊ុន​ផលិត​ដ្រូន។

លោក អូឡេកសាន់ឌឺ ឡូម៉ាកូ (Oleksandr Lomako) អភិបាលក្រុងឆឺនីហ៊ីវ បានប្រាប់ BBC ថា «ខ្ញុំយល់ថាគោលបំណងរបស់ពួកគេគឺព្រឹត្តិការណ៍យោធា ដែលកើតឡើងនៅក្នុងអគារល្ខោន ហើយវាជាគោលដៅរបស់ពួកគេ។ រុស្ស៊ី​​ដឹង​យ៉ាង​ច្បាស់​ថា ការ​វាយ​ប្រហារ​នេះ​នឹង​បណ្តាល​ឱ្យជន​ស៊ីវិល​ស្លាប់»។

លោកបន្តថា​ «វាច្បាស់ណាស់ថា រុស្ស៊ី ដែលបាញ់មីស៊ីលទាំងនោះនិង អ្នកដែលបញ្ជាឱ្យបាញ់ទាំងកណ្តាលថ្ងៃត្រង់ទៅកាន់ទីក្រុងស៊ីវិល បានដឹងថា ជនរងគ្រោះភាគច្រើននឹងជាជនស៊ីវិល។ គ្មាន​វិធី​ណា​ផ្សេង​​ក្នុង​ការ​បកស្រាយ​វា​ក្រៅ​តែពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​ជន​ស៊ីវិល​នោះឡើយ​ ដែលនេះជាឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ទៀតរបស់​រុស្ស៊ី»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *