សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកអំណោយជូនគ្រួសារចាស់ជរា ពីរនាក់ប្តីប្រពន្ធ ជួបការលំបាកខ្លាំង

ព្រះវិហារ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានចាត់លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនលោកតាម្នាក់មានជំងឺស្លាប់មួយចំហៀងខ្លួន និង លោកយាយចាស់ជរា រស់នៅភូមិឈើទាលគង ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង។

លោកតា ឈ្មោះទឹម ខា អាយុ៦១ឆ្នាំ មានជំងឺស្លាប់មួយចំហៀងខ្លួន និង លោកយាយម៉ែន សាម៉ុន អាយុ៧០ឆ្នាំ បានមករស់នៅភូមិឈើទាលគង ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រយៈពេល១៣ឆ្នាំមកហើយ។ គាត់មានកូន៤នាក់(ស្រី២នាក់) មានប្តីប្រពន្ធ និងចៅ៩នាក់រស់នៅខេត្តផ្សេង ។ 

លោកយាយ ខិតខំស៊ីឈ្នួលដាំដំឡូង គាស់ដំឡូងឱ្យគេ បានប្រាក់កម្រៃមួយថ្ងៃ៣ម៉ឺនរៀល ។ លោកតាលោកយាយសំណូមពរដល់អាជ្ញាធរមូលដ្ឋាន មេត្តាផ្តល់បណ្ណក្រីក្រ ដើម្បីជួយសម្រាលការលំបាក នៅពេលរដូវគ្មានការងារស្រែចម្ការធ្វើ ។

អំណោយដែលទទួលបាន ពីអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត រួមមាន អង្ករ ចំនួន៥០គីឡូក្រាមគ្រឿងឧបភោគបរិភោគ និង ថវិកាចំនួន១០ម៉ឺនរៀល ។ 

លោកតាទឹម ខា និង លោកយាយម៉ែន សាម៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌និងសប្បុរសធម៌ក្នុងសង្គម ៕(ដោយ យស់ ហៃសុករា)

Leave a Reply

Your email address will not be published. Required fields are marked *