ឃាត់នារីវៀតណាមម្នាក់ យកដែកចុងស្រួច ចាក់លើបុរសខ្មែរជាសង្សារ ឱ្យរបួសធ្ងន់

ភ្នំពេញ ៖ នារីវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានយកដែកចុងស្រួចចាក់លើបុរសខ្មែរជាសង្សារឱ្យរបួសធ្ងន់ ដោយសារមានទំនាស់ពាក្យសម្តីគ្នា កើតឡើងនៅចំណុចប៊ែចិញ្ចឹមត្រី ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាថ្ងៃទី ២១សីហាឆ្នាំ២០២៣ ម៉ោង១០និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះផន សុផារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះង្វៀង ធីលៀង ភេទស្រី អាយុ៣៣ឆ្នាំជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងនៅចំណុចកើតហេតុ ពេលនោះជនសង្ស័យត្រូវជាសង្សារ បានផឹកស្រាស្រវឹងដើរមកដល់ រួចជនរងគ្រោះសួរថា «ង៉ែងមកពីដេកជាមួយអាណា?» ថាហើយ ក៏មានទំនាស់ពក្យសម្តីគ្នា ស្រាប់តែជនសង្ស័យយកដែកចុងស្រួចចាក់ជនរងគ្រោះត្រូវចំក្រោមដោះខាងស្តាំ រួចបោះដែកចូលទឹកទន្លេបាត់ ។

ភ្លាមនោះសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ ច្បារអំពៅ២ សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *