ជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្ត បុកចូលកន្លែងលក់បាយឆា មីឆា

ភ្នំពេញ ៖ ម៉ូតូបីគ្រឿងរងការខូចខាត បន្ទាប់ពីមានជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាកម៉ាស្តាបុកចូលកន្លងលក់បាយឆា មីឆា នៅចំណុចជិតផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលវេលាម៉ោង១និង ១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក MAZDA BT-50  ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1573 បើកតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងមកជើង, ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃជ្រុលបុកចូលកន្លែងលក់បាយឆា មីឆា បណ្ដាលឱ្យម៉ូតូ៥គ្រឿងខូចខាត តែម្ចាស់ម៉ូតូពីរគ្រឿងដែលខូចខាតបន្តិចបន្តួចត្រូវជិះចេញពីកន្លែងកើតហេតុបាត់ទៅ។ក្រោយពីបុកហើយជនជាតិចិនបានកាច់កៅអីរថយន្តដេកធ្វើព្រងើយ ទោះបីខាងជនរងគ្រោះ គោះទ្វារឱ្យចេញមកដោះស្រាយយ៉ាងណាក៏មិនងើបដែរ។

ក្រោយមកសមត្ថកិច្ចខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុក៏បានគោះទ្វារហៅជនជាតិចិនដែលជាអ្នកបើករថយន្តបង្ក ចុះចេញពីរថយន្ត រួចតេហៅមិត្តភក្កិឲ្យមកជួយដោះស្រាយនូវសំណងចរចាគ្នា។មួយសន្ទុះក្រោយមកខាងជនជាតិចិនបានចេញសំណងសងទៅខាងម៉ូតូនិងផ្លាកប៉ាណូពេទ្យចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *