កំពុងលួចកាច់កញ្ចក់រថយន្ត ,ក្រោយចាប់បាន៣នាក់ លេចធ្លាយរឿងលួចម៉ូតូ

ភ្នំពេញ ៖ ថ្មីៗនេះ កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបង្ក្រាបក្រុមចោរជំនាញ​កញ្ចក់រថយន្ត និង លួច​ម៉ូតូ៣នាក់ជាបន្តបន្ទាប់ ហើយបានបង្ហាញមុខមុនពេលបញ្ជូនឡើងតុលាការ នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៣​ ។

សមត្ថកិច្ចនិយាយថា ដំបូងលោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានចុះល្បាតតាមផ្លូវ​លេខ៦៣កែងផ្លូវលេខ២១៤​ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​១០និង៥០នាទី​យប់ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នា៣នាក់បានធ្វេីសកម្មភាព​គាស់យកកញ្ចក់រថយន្តដែលចតទុកចោលបានសម្រេច។

សមត្ថកិច្ចបន្តថឋ ភ្លាម​នោះកម្លាំងនគរបាលជំ​នាញ​ការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចកេីតហេតុភ្លាមៗ ហើយបន្តប្រដេញឃាត់បានជនសង្ស័យម្នាក់ទៀត បាននៅចំណុចផ្លូវលេខ១៩កែងផ្លូវលេខ១៤៨​ សង្កាត់ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ចបម្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ​ សេត​ វណ្ណឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ​ ផ្លូវលំ​ ក្នុងសង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ,២-ឈ្មោះ​ ថោង​ សុវណ្ណឌីភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំ​ ផ្លូវ​លំ​ ភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និង៣-ឈ្មោះ​ ណាត​ កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួល​ ផ្លូវ​លំ​ ភូមិ៦ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

បន្ទាប់មកកម្លាំងនគរបាលជំនាញ មានការសង្ស័យថា ជនសង្ស័យឈ្មោះ​ខាងលេីមានការពាក់ព័ន្ធករណី«លួចម៉ូតូ»ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨៩Eo​ ផ្លូវលេខ២១៤​ ក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ ទើបកម្លាំងនគរបាលជំនាញបានបង្ហាញវីឌីអូកាមេរ៉ាសុវត្ថិភាព ឱ្យទៅជនសង្ស័យទាំង០៣នាក់មេីល​។ 

ពេលនោះជនសង្ស័យឈ្មោះ​ សេត​ វណ្ណឌី​ ចង្អុលថា «ម៉ូតូម៉ាកនិច​ ពណ៌ស​ ដែលមានស្លាកលេខ​ ភ្នំពេញ​ 1JC-6384ពិតជារបស់ខ្លួនឌុបបក្សពួកដែលមានឈ្មោះ​ ញីវ​ មកធ្វេីសកម្មភាពលួចម៉ូតូម៉ាកស៊ុយស៊ូគី​ និច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HG-5904នៅចំណុចខាងលេីពិតប្រាកដមែន។ ជនសង្ស័យឈ្មោះ​ ញីវ​ បានយកម៉ូតូដែលលួចជិះគេចខ្លួនបាត់»។

វត្ថុតាងដកហូតរួមមាន ១-ម៉ូតូស៊ុយស៊ូគី​ និច ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1JC-6384 ជារបស់ជនសង្ស័យ, ២-ម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1AR-7989 ជារបស់ជនសង្ស័យ និង កញ្ចក់រថយន្ត១ចំហៀង​ (របស់ជនរងគ្រោះ)

បច្ចុប្បន្ន​ កម្លាំងនគរបាលជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី នាថ្ងៃទី២៧សីហាឆ្នាំ២០២៣៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *