ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំនូវគោលការណ៍ចំនួន៧​ ដល់មន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។

បន្ទាប់ពីការអានព្រះរាជក្រឹត្យ និងការប្រគល់ត្រានិងបំពាក់ឋាន្តរស័ក្តិ រួមនិងការប្ដេជ្ញាចិត្ត របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិរួចមក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំនូវគោលការណ៍ចំនួន៧ចំណុច ដល់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ក្នុងការរួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

ទី១.ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញ៉ុងណាមួយ​ ដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម។

ទី២.បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់រវាងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការ​ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្មហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។ បន្ថែមលើនេះត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដែលនៅសេសសល់ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ឈរលើការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ព្រំដែន ជាព្រំដែនសន្តិភាពមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី៣.ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ   “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីកៀរគរ ប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការបង្រ្កាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។

ទី៤.គ្រឿងញៀនខុសច្បាប់គឺជាបញ្ហាប្រឈមដែលមានលក្ខណៈគ្រោះថ្នាក់ និងស្មុគស្មាញជាទីបំផុត ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធដោយត្រូវលើកកម្ពស់វិធានការផ្សព្វផ្សាយ​ អប់រំ វិធានការស្រាវជ្រាវបង្ក្រាប និងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេស អង្គការអន្តរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក ដេីម្បីសិក្សាអំពីបទពិសោធន៍ក្នុងការបង្ក្រាប​ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ 

ទី៥.បន្តបង្កើនវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរផ្លូវគោក និងសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយភាពកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។ ទី៦.ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ ផ្តល់អន្តរាគមន៍សង្គ្រោះ និងដោះស្រាយបញ្ហាអគ្គីភ័យ ព្រមទាំងគ្រោះថ្នាក់នានាក្នុងសង្គម​ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

និងទី៧.ត្រូវបន្តជំរុញការកែទម្រង់កម្លាំងនគរបាលជាតិ ដោយយកចិត្តទុកដាក់បណ្តុះ បណ្តាលកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពជំនាញ វិជ្ជាជីវៈច្បាស់លាស់ គោរពឱ្យបានខ្ជាប់ខ្ជួន វិន័យកងកម្លាំង ពង្រឹងការជ្រើសរើស​ បញ្ចូលក្របខ័ណ្ឌនគរបាលជាតិឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។ ការប្រគល់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ និងលើកសរសើ ឬជូនរង្វាន់ត្រូវផ្អែកលើលក្ខណៈសម្បត្តិ ស្នាដៃ និងបទពិសោធន៍ការងារ ព្រមទាំងត្រូវអនុវត្ត  វិន័យកងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *