ម៉ូតូបើកបុកជាមួយរថយន្ត បាត់បង់ជីវិតម្នាក់, របួស២នាក់ លើកំណាត់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង រថយន្តបណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិតនិងរបួស២នាក់ខណៈជិះម៉ូតូឌុបគ្នា បើកផ្លូវឱ្យឡានពេទ្យ ទាំងបញ្ច្រាសទិស ជ្រុលទៅបុករថយន្ត កើតឡើងនាថ្ងៃទី២៨សីហាឆ្នាំ២០២៣ វេលាម៉ោង៩និង០៥នាទីយប់ ត្រង់ចំណុចមុខផ្លូវចូលរោងចក្រផលឹតទឹកស្អាតនិរោធ លើផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1O-9436បើកបរដោយឈ្មោះរ៉ុន ម៉ានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលីឥវ៉ាន់ ស្នាក់នៅភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង(រងរបួសធ្ងន់)បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព) ។

ម៉ូតូខាងលើជិះមានគ្នាបីនាក់, អ្នករួមដំណើរទី១-ឈ្មោះ វន់ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលីឥវ៉ាន់ស្នាក់នៅផ្ទះ ភូមិ ឃុំ ជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)មិនពាក់មួកសុវត្ថិភាព សពបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី,អ្នករួមដំណើរទី២ ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករលីឥវ៉ាន់ស្នាក់នៅភូមិ ឃុំ ជាមួយគ្នា(រងរបួសស្រាល)ទៅព្យាបាលរបួសនៅគ្លីនិក សុងការណ៍(មិនពាក់មួកសុវត្ថិភាព)។

សមត្ថកិច្ចបន្តថា លុះដល់ត្រង់ចំណុចកើតហេតុខាងលើម៉ូតូបានរេចង្កូតទៅបុករថយន្តម៉ាកLexus 570ពណ៌ស ពាក់ស្លាកលេខ កម្ពុជា Ly.Sokha បើកដោយឈ្មោះ(មិនស្គាល់អត្តសញ្ញាណនៅស្រាវជ្រាវបន្ត)ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ពេលគ្រោះថ្នាក់រួចអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់។ 

បច្ចុប្បន្នរថយន្តនិងម៉ូតូខូចខាតធ្ងន់ទាំង០២គ្រឿង,យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ បើផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុប៉ូលិសសន្និដ្ឋានថា«អ្នកបើកបរម៉ូតូបើកបរលឿនខ្វះការប្រុងប្រយ័ត្ន»៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *