លោកស្រីរដ្ឋមន្ត្រីការបរទេសលីប៊ី ជួបប្រជុំជាមួយ អ៊ីស្រាអែល ត្រូវបានដកចេញពីដំណែង

បរទេស ៖ លោកនាយករដ្ឋមន្ត្រីលីប៊ី បានបណ្តេញអ្នកការទូតកំពូលរបស់គាត់ចេញ ក្រោយពីលោកស្រីរដ្ឋមន្ត្រីការបរទេស បានជួបសមភាគីលោករដ្ឋមន្ត្រការបរទេសអ៊ីស្រាអែល ដោយព័ត៌មាននៃការជួបគ្នានេះ បានបង្កឱ្យមានការតវ៉ានៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់អ៊ីស្រាអែល។

មានអ្នកវិភាគដែល បាននិយាយទៅកាន់ AFP ហាក់យល់ស្របថា «លោកស្រី ណាចឡា អាល់ មែនហ្គូស (Najla al-Mangoush) គឺជា មនុស្សរងកំហុសជំនួសគេ សម្រាប់ការសម្រេចចិត្តដែលធ្វើឡើងដោយមេដឹកនាំជាគូប្រជែងរបស់លីប៊ី ហើយបានផ្សាភ្ជាប់ជំនួបនេះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធបណ្តាប្រទេសអារ៉ាប់បន្ថែមទៀត ដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។

ចំពោះបណ្តាញព័ត៌មានឯកជន Al-Ahrar ដែលដកស្រង់ប្រភពរដ្ឋាភិបាល បាននិយាយថា «លោកស្រីមែនហ្គូសត្រូវបានបណ្តេញចេញ បន្ទាប់ពីកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន នៅទីក្រុងរ៉ូមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក អែលី ខូហិន (Eli Cohen) ជំនួបរបស់លោកស្រីមែនហ្គូស បង្កការតវ៉ាទូទាំងប្រទេសលីប៊ី»។

ស្ថានទូតប៉ាឡេស្ទីននៅទីក្រុងទ្រីប៉ូលី ក៏បានរាយការណ៍ពីការបណ្តេញលោកស្រីចេញដែរ ដោយនិយាយថា«ដំណឹងនេះត្រូវបានប្រកាសដោយលោកឌីបេបាក្នុងអំឡុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃចន្ទទៅកាន់ស្ថានទូត។ការបដិសេធរបស់គាត់ចំពោះការធ្វើឱ្យមានប្រក្រតីភាពធម្មតាជាមួយអ៊ីស្រាអែលនិង ការគាំទ្រទាំងស្រុងរបស់លីប៊ីសម្រាប់ប្រជាជនប៉ាឡេស្ទីន»។

ចំណែកនៅភាគខាងកើត សមាជិកសភាលីប៊ី បានទាមទារឱ្យមានការស៊ើបអង្កេតលើកិច្ចប្រជុំនៅក្នុងសម័យប្រជុំពិសេសមួយ ដែលក្នុងអំឡុងពេលនោះ ពួកគេបានពាក់ក្រណាត់ជួតក្បាលស-ខ្មៅប៉ាឡេស្ទីន។ កិច្ចប្រជុំរវាងលោកស្រីមែនហ្គូសនិងលោកខូហិនបានបង្កឱ្យមានការតវ៉ានៅយប់ថ្ងៃអាទិត្យនៅទីក្រុងទ្រីប៉ូលីនិងទីក្រុងផ្សេងទៀតនៅពេលដែលក្រុមបាតុករបានបិទផ្លូវដោយដុតសំបកកង់រថយន្តនិងគ្រវីទង់ជាតិប៉ាឡេស្ទីន។

មុនពេលធ្វើទស្សនកិច្ចនៅស្ថានទូតប៉ាឡេស្ទីន រដ្ឋាភិបាលរបស់លោកឌីបេបា បាននិយាយថា «លោកស្រីមែនហ្គូស​ ត្រូវបានព្យួរការងារបណ្តោះអាសន្ននិងស្ថិតក្រោមការស៊ើបអង្កេតរដ្ឋបាល ខណៈនៅអ៊ីស្រាអែល លោកខូហិនបានបញ្ជាក់ថា កិច្ចប្រជុំនេះពិតជាបានកើតឡើងមែន»។

សម្រាប់ទីកន្លែងលាក់ខ្លួនរបស់លោកស្រីមែនហ្គូសគឺមិនដឹងច្បាស់លាស់ទេកាលពីថ្ងៃចន្ទ បន្ទាប់ពីរបាយការណ៍លើបណ្តាញសង្គមថា លោកស្រីបានហោះទៅកាន់ប្រទេសតួកគី ខណៈដែលការតវ៉ាបានផ្ទុះឡើងយ៉ាងខ្លាំង។

ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់លីប៊ី (ISA) បាននិយាយថា លោកស្រីមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសទេហើយស្ថិតក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ ដោយកំពុងរង់ចាំការស៊ើបអង្កេតសិន។

ឯទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគី ដែលដកស្រង់ប្រភពសន្តិសុខ បាននិយាយថា «លោកស្រីមែនហ្គូសបានចាកចេញទៅទីក្រុងអ៊ីស្តង់ប៊ុលរួចហើយ បន្ទាប់ពីមានជម្លោះខាងការទូត»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *