ឈ្លោះគ្នាពេលលេងបាល់ទាត់ យុវជនម្នាក់យកកាំភ្លើងឳពុកមកគម្រាម

តាកែវ ៖ យោងតាមកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ពីករណីនេះថា ( បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះស៊ន ប៊ុនធឿន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីករណី ប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាត និងគំរាមថានឹងសម្លាប់កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ) កងរាជអាវុធហត្ថខេត្តតាកែវ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ នៅចំនុចភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ 

ប្រភពដដែលបានបន្តថា នៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់ របស់សាលាសាសនាគ្រឹស្តស្រុកបាទី បានធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមកីឡាបាល់ទាត់ស្រុកសំរោង នៅកន្លែងកើតហេតុខាងលើ។ ក្នុងពេលប្រកួតក្រុមទាំងពីរក៏មានជម្លោះនឹងគ្នា ពេលនោះជនសង្ស័យ ឈ្មោះ ស្រុង ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (សមាជិកក្រុមបាល់ទាត់ខាងស្រុកបាទី) បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមមកគម្រាម ក្រុមបាល់ទាត់ខាងស្រុកសំរោង ។ 

ប្រភពបានបន្តថា ពេលនោះប្រធានក្រុមបាល់ទាត់ខាងស្រុកបាទី ឈ្មោះ នួន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាសាសនាគ្រឹស្តស្រុកបាទី បានចូលមកឃាត់ និងដកយកអាវុធខ្លីនោះពីជនសង្ស័យ មកសៀតនៅនឹងចង្កេះ ( ដូចដែលមានរូបភាពបង្ហោះតាមបណ្តាញសង្គម )។ បន្ទាប់ពីមានការសម្របសម្រួលរួចក្រុមទាំងពីរក៏បានស្រុះស្រួលគ្នា និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។

លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីឈ្មោះ នួន តុលា (ប្រធានក្រុមបាល់ទាត់ស្រុកបាទី)បានយកអាវុធខ្លីខាងលើប្រគល់ជូនឪពុកជនសង្ស័យរួច នៅវេលាម៉ោង៩និង២៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឪពុកជនសង្ស័យឈ្មោះ សែម ទ្រី អាយុ៥២ឆ្នាំរស់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានប្រគល់អាវុធខ្លីខាងលើ ដល់ការិយាល័យជំនាញដើម្បីរក្សាទុកធ្វើជាភស្តុតាង រីឯជនសង្ស័យ បន្ទាប់ពីបានប្រព្រឹត្តិបទល្មើសរួច បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *