សិង្ហបុរី រៀបចំការបោះឆ្នោតប្រធានាធិបតី មានគូប្រជែងជាលើកដំបូង

បរទេស ៖ ប្រជាជនសិង្ហបុរី បាមធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃសុក្រទី១កញ្ញានេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មិ ដែលមានគូប្រជែងលើកដំបូងរបស់រដ្ឋបុរីនេះ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលជាការបោះឆ្នោតមួយត្រូវបានឃ្លាំមើលយ៉ាងដិតដល់សម្រាប់ជាការបង្ហាញពីការគាំទ្រដល់គណបក្សកាន់អំណាច បន្ទាប់ពីមានរឿងអាស្រូវនយោបាយដ៏កម្រកន្លងមក ។

បើតាមតួនាទីរបស់ប្រធានាធិបតីភាគច្រើន គ្រាន់តែជាពិធីនិមិត្តរូបប៉ុណ្ណោះ ប៉ុន្តែមានលក្ខខណ្ឌតម្រូវតឹងរ៉ឹងសម្រាប់មុខតំណែងនេះ ដែលគ្រប់គ្រងជាផ្លូវការនូវទុនបម្រុងហិរញ្ញវត្ថុរបស់រដ្ឋបុរីនេះនិងកាន់អំណាចវេតូលើវិធានការមួយចំនួននិងអនុម័តការស៊ើបអង្កេតប្រឆាំងអំពើពុករលួយជាដើម។

តំណែងប្រធានាធិបតីគឺជាមុខតំណែងដែលមិនប្រកាន់បក្សនយោបាយណាមួយនៅក្រោមរដ្ឋធម្មនុញ្ញ បន្ទាត់នយោបាយត្រូវបានគូររួចហើយនៅមុនការបោះឆ្នោតដើម្បីជំនួសតំណែងលោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) ដែលគ្មានអ្នកប្រជែងសម្រាប់អាណត្តិប្រាំមួយឆ្នាំរបស់លោកស្រីក្នុងឆ្នាំ ២០១៧។

រដ្ឋាភិបាលសិង្ហបុរី ត្រូវបានគ្រប់គ្រងដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក លី សៀនឡុង នៃគណបក្សសកម្មភាពប្រជាជន (PAP) ដែលបានគ្រប់គ្រងប្រទេសនេះតាំងពីឆ្នាំ ១៩៥៩មកម៉្លេះ ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា «ការបោះឆ្នោតអាចបង្ហាញពីកម្រិតនៃការគាំទ្ររបស់បក្ស PAP នៅមុនការបោះឆ្នោតទូទៅដែលនឹងធ្វើឡើងក្នុងឆ្នាំ ២០២៥ ឬការមិនសប្បាយចិត្ត បន្ទាប់ពីរឿងអាស្រូវថ្មីៗដែលរួមមានការស៊ើបអង្កេតអំពើពុករលួយទៅលើរដ្ឋមន្ត្រីដឹកជញ្ជូននិងការលាលែងពីសមាជិកសភាបក្ស PAP ពីររូបជុំវិញរឿងអាស្រូវស្នេហាលួចលាក់»។

អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ថាម៉ាន់ សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ដែលជាអ្នកស្មោះត្រង់នឹងបក្ស PAP ជាយូរមកហើយ មុនពេលគាត់លាលែងពីតំណែង មុនប្រកាសបេក្ខភាពរបស់គាត់ ជាអ្នកនាំមុខគេ ។

លោក ថាម៉ាន់ សានមូហ្គារ៉ាត់ណាម ជាសេដ្ឋវិទូវ័យ ៦៦ ឆ្នាំរូបនេះត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា«ទទួលបានការគាំទ្រពីរដ្ឋាភិបាល ហើយត្រូវបានចោទជាមន្ទិលអំពីឯករាជ្យភាពរបស់គាត់ក្នុងអំឡុងពេលយុទ្ធនាការនេះ»។

បេក្ខជន​ម្នាក់​ទៀត​គឺ​អតីត​នាយក​ប្រតិបត្តិក្រុមហ៊ុន​ធានា​រ៉ាប់រង លោក តាន់ គីន លៀន (Tan Kin Lian) អាយុ ៧៥ ឆ្នាំ​ បាន​ទទួល​ការ​គាំទ្រ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន។

ចំណែកបេក្ខជនទីបីឈ្មោះ ង៉ កុក សុង (Ng Kok Song) អាយុ ៧៥ ឆ្នាំគឺជាអតីតប្រធានផ្នែកវិនិយោគនៃមូលនិធិទ្រព្យសម្បត្តិរបស់សិង្ហបុរី GIC ដែលគ្រប់គ្រងទុនបម្រុងបរទេសរបស់ប្រទេស។

លោក មូស្តាហ្វា អ៊ីសហ្សូដឌីន (Mustafa Izzuddin) អ្នកវិភាគនយោបាយនៅក្រុមហ៊ុនប្រឹក្សា Solaris Strategies Singapore បាននិយាយថា «ការបោះឆ្នោតប្រធានាធិបតីកំពុងត្រូវបានចាត់ទុកជាការបោះឆ្នោតសកលកាន់តែខ្លាំងឡើង។ ការកើនឡើងនៃការបោះឆ្នោតដែលមានការប្រជែងគ្នាត្រូវបានរំពឹងទុក ដោយសារតែមនោសញ្ចេតនាចំពោះរដ្ឋាភិបាលកាន់អំណាចបានធ្លាក់ចុះ»។

គណបក្ស PAP ត្រូវបានអង្រួនដោយរឿងអាស្រូវនយោបាយ ដែលកម្រមាននៅក្នុងទីក្រុងនេះ ដែលបានទាញប្រយោជន៍ពីកេរ្តិ៍ឈ្មោះរដ្ឋាភិបាលស្អាតស្អំ ដើម្បីក្លាយជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ឧស្សាហកម្មចម្រុះដូចជាហិរញ្ញវត្ថុ និងអាកាសចរណ៍។

PAP បានជួបការបោះឆ្នោតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងឆ្នាំ ២០២០ ប៉ុន្តែនៅតែរក្សាបានសំឡេងភាគច្រើនជាងពីរភាគបី។ ការបោះឆ្នោតជាកាតព្វកិច្ចសម្រាប់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ២,៧ លាននាក់របស់សិង្ហបុរី។ អ្នកដែលមិនមកបោះឆ្នោតដោយគ្មានហេតុផលត្រឹមត្រូវ ប្រឈមនឹងការកាត់ឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត។

ប្រទេសសិង្ហបុរីតម្រូវឱ្យបេក្ខជនប្រធានាធិបតីបម្រើការជាមន្ត្រីរាជការជាន់ខ្ពស់ឬជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានភាគហ៊ុនយ៉ាងហោចណាស់ ៥០០ លានដុល្លារសិង្ហបុរី (៣៧០ លានដុល្លារ)៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *