បុរសម្នាក់បាត់បង់ជីវិតនិងពីរនាក់ទៀតរងរបួស ក្រោយរថយន្ដបើកបុកម៉ូតូនៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗ និង មនុស្សប្រុសស្រីពីនាក់ទៀតដែលរួមដំណើរពីក្រោយរងរបួធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយបុរសជនជាតិបរទេសម្នាក់ បើករថយន្ដMitsubishi ទៅបុកម៉ូតូហុងដាឌ្រីម ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់-ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញមនុស្សប្រុសស្រីបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GL-2119 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ។

លុះធ្វើដំណើរមកដល់ខាងមុខបុរីពិភពថ្មីកំបូល ក៏មានបុរសម្នាក់ជាជនជាតិបរទេស បើករថយន្ដមួយគ្រឿងម៉ាកMitsubishi ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BP-9347 ដោយធ្វើដំណើរក្នុងទិដដៅបញ្ច្រាស់គ្នាក៏រេចង្កូតមកខាងឆ្វេងដៃ មកបុកពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូម៉ូតូរងការខូចខាតផ្នែកមុខដោយរួញកង់ចូលគ្នាជាមួយតួម៉ូតូ ។

ចំណែកបុរសជាអ្នកបើកបរម៉ូតូបាត់បង់អាយុជីវិតភ្លាមៗ, អ្នករួមដំណើរពីក្រោយប្រុសស្រីពីរនាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ។ អ្នកបើករថយន្ដបង្កក្រោយពីបើកបុកម៉ូតូបណ្ដាលឱ្យមានអ្នកបាត់បង់អាយុជីវិតរួចហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនរគបាលកំបូលទាំងយប់។ ភ្លាមៗសពជនរងគ្រោះមិនត្រូវបានសមត្ថកិច្ច ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយពីកើតហេតុក៏មានវត្ដមាន សមត្ថកិច្ចជំនាញនគរបាលចរាចរផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដបង្កទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច បានដឹកយកទៅតម្កល់ទុករង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *