ប៉ូលិសវៀតណាមចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យជាង១០០នាក់ពីបទ«រៀបចំលក់ដីក្លែងក្លាយ»

វៀតណាម ៖ ប៉ូលិសខេត្តសុងណៃ (Dong Nai) បានចាប់ខ្លួនបុគ្គលិក១២២ នាក់ ក្នុងក្រុមហ៊ុនអចលនទ្រព្យនៅទីក្រុងហូជីមិញ ដោយចោទប្រកាន់ថា«បានជួលតួអង្គដើម្បីសម្តែងធ្វើជាមកទិញនិងលក់ដី» ហើយប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃចន្ទសប្តាហ៍មុន ប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតលើលោក ង្វៀន វ៉ាន់ អាន (Nguyen Van An) អាយុ ២៧ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន Loc Phuc ដែលមានការិយាល័យកណ្តាល នៅសង្កាត់តាន់បិញ (Tan Binh) នៃក្រុងហូជីមិញ និង បុគ្គលិករបស់គាត់ពី«បទឆបោក»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន មន្ត្រី​ប៉ូលិសរាប់​រយ​នាក់​បាន​ឆ្មក់ចូល​ក្នុង​ពិធី​មួយ​នៅ​ស្រុកត្រាងបុំ (Trang Bom) ក្នុង​ខេត្តសុងណៃ កន្លែងដែល​ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ការ​លក់​ដី​ក្លែងក្លាយ ​ដែលពុំ​មានដីលក់ទាល់តែសោះ។ ប៉ូលិសបានទទួលពាក្យបណ្តឹងពីសាធារណជនថា «ក្រុមហ៊ុន Loc Phuc កំពុងព្យាយាមលក់គម្រោងអចលនទ្រព្យ ដែលពុំមានដី»។

បន្ទាប់ពីក្រុមហ៊ុនបានដឹកជញ្ជូនអតិថិជនមិនដឹងខ្យល់រាប់សិបនាក់ទៅកន្លែងលក់នៅឃុំអានវៀន (An Vien) ប៉ូលិសក៏បានទៅដល់ឃើញលោកអាន បុគ្គលិករបស់គាត់ចំនួន ១២២ នាក់ និង តួអង្គសម្តែងប្រហែល ២០ នាក់ ដែលកំពុងធ្វើពុតជាដណ្តើមគ្នាទិញដីឡូតិ៍ បោកប្រាស់ប្រជាជន។

ក្រោយមកប៉ូលិសមួយក្រុមបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Loc Phuc ក្នុងទីក្រុងហូជីមិញ ហើយបានរឹបអូសយកឯកសារមួយចំនួន កុំព្យូទ័រ រថយន្ត ឧបករណ៍អគ្គិសនី និង សាច់ប្រាក់ជារូបិយប័ណ្ណផ្សេងៗ។ ឯនៅប៉ុស្តិ៍ប៉ូលិស បុគ្គលិកមួយចំនួន ដែលត្រូវបានចាប់ខ្លួន បានសារភាពថា «ក្រុមហ៊ុនបានជួលនិស្សិតប្រហែល ១០០ នាក់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២ ហើយបានណែនាំពួកគេឱ្យប្រើអ៊ីនធឺណិត ដើម្បីស្វែងរកផ្ទះដែលមើលទៅគួរឱ្យទាក់ទាញនៅក្នុងទីក្រុង។ បន្ទាប់មកពួកគេថតរូបហើយបង្ហោះវានៅលើវេបសាយរបស់ក្រុមហ៊ុននិងវេបសាយផ្សេងទៀត ដើម្បីទាក់ទាញអ្នកទិញ»។

នៅពេលដែលប្រជាពលរដ្ឋទាក់ទងពួកគេនិងសុំទិញផ្ទះ ក្រុមហ៊ុនដឹកពួកគេទៅកាន់ខេត្តជិតខាង សុងណៃ ជាកន្លែងដែលតារាសម្ដែងជាច្រើននាក់នឹងធ្វើពុតជាដណ្តើមគ្នាទិញអចលនៈទ្រព្យក្នុងគម្រោងផ្សេងៗ ហើយថែមទាំងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យទិញដីឡូត៍ទៀតផង។ និយោជិតរបស់ក្រុមហ៊ុននឹងព្យាយាមលក់គម្រោងក្នុងតម្លៃអតិផរណា។

បុគ្គលិកទាំងនោះបានប្រាប់ប៉ូលិសថា ប្រសិនបើជនរងគ្រោះណាម្នាក់ព្យាយាមតវ៉ា បុគ្គលិកនឹងកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេដោយកាច់ចោលស៊ីមកាតក្លែងក្លាយ ដែលពួកគេបានប្រើប្រាស់។

លោក វ៉ូ ញ៉ាត ហុង ភុក (Vo Nhat Hong Phuc) ប្រធានផ្នែកប៉ូលិសព្រហ្មទណ្ឌនៃនាយកដ្ឋានប៉ូលិសខេត្តសុងណៃបាននិយាយថា «ក្រុមហ៊ុនរបស់លោកអាន រកលុយបានប្រហែល ២០ ពាន់លានដុង (៨៣០.៣៩៤ ដុល្លារ) ក្នុងមួយខែតាមរយៈការបោកប្រាស់នេះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *