ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញអភិបាលថ្មីនៃខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត

សៀមរាប ៖ ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ត្រូវបានធ្វើឡើង នារសៀលថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ  មន្រ្តីរាជការក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ។

បន្ទាប់ពី ឯកឧត្ដមអភិបាលថ្មីនៃខេត្តសៀមរាបឡើងប្ដេជ្ញារួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យលើកកម្ពស់ និងវិជំរុញស័យទេសចរណ៍បន្ថែមទៀត ព្រោះខេត្តសៀមរាប គឺជាខេត្តមួយ ដ៏មានសក្តានុពល សម្រាប់អភិវឌ្ឍវិស័យ ទេសចរណ៍រួមមាន ៖ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ជាតិ និងជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងបីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្តថា ហេតុដូច្នេះ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល ត្រូវរួមសហការ គ្នាថែរក្សាអោយបានគត់មត់ នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណភាព អនាម័យ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ សំដៅធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព។ ជាមួយគ្នានេះ ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរួមចំណែកបង្កើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការរីកចំរើនប្រកបដោយចីរភាព និងបរិយាប័ន្ន ។

អាជ្ញាធរ មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំយុទ្ធនាការ និងរៀបចំព្រឹត្តការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវធ្វើឱ្យភ្ញៀវទេសចរ មានទំនុកចិត្តទៅលើគុណភាព នៃសេវាកម្មស្នាក់នៅ ម្ហូបអាហារមធ្យោបាយធ្វើដំណើរ និងទប់ស្កាត់ការបន្លំបោកប្រាស់ រួមមាន ៖ ការប្រើក្រដាស់ប្រាក់ក្លែងក្លាយ និងវត្ថុអនុស្សាវរីយ៍គ្មានគុណភាព។ តាមទិន្នន័យទេសចរឆមាសទី១ ឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសកម្ពុជាយើង បានទទួលភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ២.១៦លាននាក់ ប៉ុន្តែប្រទេសថៃ ទទួលបានចំនួនភ្ញៀវអន្តរជាតិ ប្រមាណជា ១៥លាននាក់ និងប្រទេសវៀតណាម ទទួលបានប្រមាណជា ៥.៥លាននាក់ ។ 

ទន្ទឹមនឹងការលើកកម្ពស់ និងវិជំរុញស័យទេសចរណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំ យកចិត្តទុកដាក់លើការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ , ការផ្តល់សេវាសាធារណៈ ,  អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាលខេត្ត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផងដែរ ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *