វត្ថុបុរាណទាំងអស់រក្សាទុកនៅមន្ទីរ និងកំណត់ដែនការពារ ទីតាំងសំពៅលិច

ព្រះសីហនុ ៖ លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារជំនាញ អគ្គនាយកដ្ឋានបេតិកភណ្ឌ អមដោយមន្ត្រីមន្ទីរវប្បធម៌ខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយលោកឧត្ដមនាវីទោ លី ហួត មេបញ្ជាការ នៅទីបញ្ជាការដ្ឋានជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិសន្តិសុខលំហរសមុទ្រ អំពីការប្រគល់ទទួលវត្ថុបុរាណ ដែលកម្លាំងទីបញ្ជាការជួរមុខ ស្រង់យកចេញពីសំពៅ ដែលបានលិច ក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ និងកិច្ចសហការរៀបចំវគ្គហ្វឹកហ្វឺន ជំនាញជ្រមុជទឹក ដល់មន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងកំណត់ដែនការពារ ទីតាំងសំពៅលិចក្នុងខេត្ត។

ជាលទ្ធផលលោកឧត្តមនាវីទោ លី ហួត យល់ព្រមតាមសំណើ ររបស់ក្រុមការងារ លើកិច្ចសហការរៀបចំវគ្គហ្វឹកហ្វឺន ជំនាញជ្រមុជទឹក ដល់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងកំណត់ដែនការពារទីតាំងសំពៅលិចក្នុងខេត្តព្រះសីហនុ និងបានប្រគល់នូវវត្ថុបុរាណទាំងអស់( ទិន្នន័យបឋម) មានចំនួន១៧២៩វត្ថុ ដូចជាក្រឡភាជន៍( ពោងត្រចៀកបួន ក្រឡត្រចៀកបួន ខួច និងផើងតូចៗ) បំណែកឈើសំពៅ និងភ្លុកដំរីដែលស្រង់ពីបាតសមុទ្រ ក្នុងភូមិសាស្ត្រខាងលើ ជូនក្រសួងវប្បធម៌និងវិចិត្រសិល្ប: យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ខេត្តដើម្បីអភិរក្ស និងចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិវប្បធម៌ជាតិ។

បច្ចុប្បន្នក្រុមការងារ កំពុងរៀបចំដឹកជញ្ជូន វត្ថុបុរាណទាំងនោះ យកមករក្សាទុក នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ។ក្រុមការងារនឹងពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ រួចធ្វើបញ្ជីសរុប អំពីវត្ថុបុរាណទាំងអស់នោះក្រោយពេល ដឹកបញ្ជូនមកដល់មន្ទីរវប្បធម៌ ៕ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *