ម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយ បុកជាមួយម៉ូតូបណ្តាលឱ្យមនុស្ស២នាក់របួសធ្ងន់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយ និង ម៉ូតូ បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ នាថ្ងៃទី០៥កញ្ញាឆ្នាំ២០២៣ វេលាម៉ោង ៦និង៥៥នាទីយប់ ត្រង់ចំណុចមុខផ្ទះ «តារាសាច់អាំង» លើផ្លូវជាតិលេខ១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនិយាយថា ភាគិម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ដូក ឈូរភេទប្រុស អាយុ៣២ឆ្នាំ មុខរបរទិញអេតចាយ  ស្នាក់នៅផ្ទះភូមិព្រៃធ្លុង  ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ(មិនពាក់មួកសុវត្ថិភាព)ធ្វើដំណើរឆ្លងបញ្ឆិតផ្លូវ លើផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត(ជិះតែម្នាក់ឯង) ។

លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក Honda C125ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1U-9411 បើកបរដោយឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវជាតិលេខ១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលស្ទឹងមានជ័យ១(ពាក់មួកសុវត្ថិភាព)ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចដែលជិះតែម្នាក់ឯង។

បើផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុប៉ូលិសសន្និដ្ឋានបានថា «អ្នកបើកបរម៉ូតូសណ្តោងរុឺម៉ក បើកឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់»៕ (ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *