ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអភិបាលខេត្តព្រៃវែងថ្មី រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី

រៃវែង ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រៃវែងថ្មី នារសៀលថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តថ្មី និងប្រើប្រាស់សមត្ថភាព បទពិសោធន៍ ប្រកបដោយគុណធម៌ គុណភាព ក្នុងការដឹកនាំ គ្រប់គ្រង់ និងអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសបន្តថែរក្សានូវសមិទ្ធផល និងស្នាដៃនានាដែលឯកឧត្តម ជា សុមេធី អតីតអភិបាលខេត្តព្រៃវែង បានបន្សល់ទុក។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា អ្វីដែលត្រូវបញ្ជាក់បន្ថែមនៅពេលនេះ នៅត្រង់ថាប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចរួចរាល់ហើយតាមរយៈការបោះឆ្នោត នីតិកាលទី ៧ នៃរដ្ឋសភា។ ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកបម្រើប្រជាពលរដ្ឋ គឺត្រូវបន្តអនុវត្តទៅតាមទួនាទី និងភារកិច្ចឲ្យបានល្អបំផុត និងមានប្រសិទ្ធភាព គោរពតាមឋានានុក្រមដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគប្បីឈ្វេងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលយកនូវរាល់សំណូមពរ ក្តីកង្វល់ ឬបញ្ហាផ្សេងៗ រួចដាក់ចេញនូវដំណោះស្រាយសមស្របណាមួយ ជូនពួកគាត់វិញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដល់អភិបាលខេត្តថ្មី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាមួយចំនួន ដូចជា «បញ្ហាគ្រឿងញៀន ការផ្តល់សេវាសាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាជម្លោះដីធ្លី ក៏ដូចបញ្ហានានាប្រចាំថ្ងៃក្នុងមូលដ្ឋាន និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ គ្រប់កម្រិត និងគ្រប់ប្រភេទ»។

ឯកឧត្តមបន្តថា ដើម្បីសម្រេចបាននូវអនុសាសន៍ខាងលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ផ្ដល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម សួន សុម៉ាលីន ដើម្បីរួមគ្នាបន្តថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់យើងទាំងអស់គ្នា ក្នុងការអភិវឌ្ឍខ្លួន អភិវឌ្ឍគ្រួសារ អភិវឌ្ឍខេត្តព្រៃវែង និងអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍។

សូមបញ្ជាក់ជូនថា ឯកឧត្តម សួន សុម៉ាលីន អតីតអភិបាលរងខេត្តព្រៃវែង ត្រូវបានតែងតាំងជាអភិបាលខេត្តព្រៃវែងជំនួសឯកឧត្តម ជា សុមេធី ដែលត្រូវទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕(ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *