កូរ៉េខាងជើង ដាក់ឱ្យដំណើរការផ្លូវការ «នាវាមុជទឹកនុយក្លេអ៊ែរ»

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា «កូរ៉េខាងជើងកាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានបង្កើតនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងកម្លាំងទ័ពជើងទឹករបស់ខ្លួន»។

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើជាអធិបតីក្នុងពិធីដាក់បង្ហាញជាផ្លូវការ កាលពីថ្ងៃពុធ ដោយនិយាយថា «នាវាមុជទឹកថ្មីនេះគឺជាផ្នែកមួយនៃ ការជំរុញឆ្ពោះទៅមុខជាមួយនឹងអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកនាពេលអនាគត»។ នេះបើយោងតាម KCNA រាយការណ៍ ។

បើតាមរបាយការណ៍របស់ KCNA បានលើកឡើងថា «ការដាក់ដំណើរការនាវាមុជទឹកលេខ ៨៤១ ដែលមានឈ្មោះថា «Hero Kim Kun Ok»បានប្រកាសពីការចាប់ផ្តើមទំព័រថ្មីសម្រាប់ការពង្រឹងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើង។ នាវាមុជទឹកនេះ នឹងបំពេញបេសកកម្មប្រយុទ្ធរបស់ខ្លួនជាមធ្យោបាយវាយលុកក្រោមទឹកស្នូលមួយរបស់កងកម្លាំងជើងទឹករបស់កូរ៉េខាងជើង»។

ចំណែករដ្ឋាភិបាលក្រុងសេអ៊ូល និង វ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាការឆ្លើយតប ដោយរៀបចំសមយុទ្ធយោធារួមគ្នាជាមួយនឹងយន្តហោះបំបាំងកាយកម្រិតខ្ពស់និងសម្ភារសឹកយុទ្ធសាស្ត្រជាច្រើនទៀតរបស់សហរដ្ឋអាមេរិក។

KCNA រាយការណ៍ថា ក្នុងអំឡុងពិធីដាក់ឱ្យដំណើរការនេះ លោកគីមបានសង្កត់ធ្ងន់អំពី ផែនការយុទ្ធសាស្ត្រនិងយុទ្ធវិធីដើម្បីបន្តពង្រឹងទំនើបកម្មនៃកងកម្លាំងក្រោមទឹក និងលើផ្ទៃទឹក ហើយជំរុញឱ្យមានការរីកសាយអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកនាពេលអនាគត ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *