G20 ចាប់ផ្តើមកិច្ចប្រជុំនៅឥណ្ឌា ដោយអវត្តមានលោកប្រធានាធិបតីចិន

បរទេស ៖ លោកចូ បៃដិន ប្រធានាធិបតីអាមេរិក និង មេដឹកនាំ G20 ផ្សេងទៀតបានជួបជុំគ្នា នៅទីក្រុងញូវដេល្លីកាលពីថ្ងៃសុក្រម្សិលមិញសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ ខណៈដែលការបែកបាក់យ៉ាងជ្រាលជ្រៅរវាងសមាជិកគីឡូធ្ងន់ និង ការមិនបង្ហាញខ្លួនរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ភាពសំខាន់នៃប្លុកនេះទៅក្នុងមន្ទិលសង្ស័យ។

ក្រុមប្រទេស G20 ត្រូវបានបង្កើតឡើងក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ សម្រាប់ជាមធ្យោបាយគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែការស្វែងរកការឯកភាពគ្នាក្នុងចំណោមសមាជិកកាន់តែមានការលំបាកខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

គេឃើញរដ្ឋធានីឥណ្ឌា ស្រាប់តែក្លាយជាស្អាតភ្លាមៗនិងស្ងាត់មនុស្សនៅក្នុងឱកាសនេះ ម្ចាស់ផ្ទះបានព្យាយាមស្វែងរកកិច្ចព្រមព្រៀងនៅវិនាទីចុងក្រោយស្តីពីបញ្ហាលំបាកៗជាច្រើន រួមទាំងសង្រ្គាមអ៊ុយក្រែន អាកាសធាតុ និងអភិបាលកិច្ចសកល។

លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានមេដឹកនាំទាំងនោះថា «ការឈ្លោះប្រកែកគ្នារបស់ពួកគេកំពុងប្រថុយបង្កជម្លោះ និង បំផ្លាញទំនុកចិត្តសាធារណៈ។ ប្រសិនបើយើងពិតជាគ្រួសារសកលតែមួយមែននោះ មិនមែនសព្វថ្ងៃនេះ យើងមើលទៅដូចជាគ្រួសារដែលមិនដំណើរការមួយចឹងទេ»។

លោកបន្តថា សូម្បីតែមុនពេលកិច្ចប្រជុំចាប់ផ្តើម សារៈសំខាន់នៃកិច្ចប្រជុំកំពូល G20 ត្រូវបានបំផ្លាញរួចទៅហើយនៅពេលដែលលោកស៊ីរបស់ចិនសម្រេចចិត្តរំលងចោលកិច្ចប្រជុំ ហើយបញ្ជូននាយករដ្ឋមន្ត្រីលេខ ២ របស់គាត់ គឺលោក លី ឈាង មកជំនួសវិញ។

លោកបន្តថា គ្មានហេតុផលផ្លូវការណាមួយត្រូវបានផ្តល់ឱ្យសម្រាប់អវត្តមានរបស់លោកស៊ីនោះទេ ប៉ុន្តែប្រទេសយក្សអាស៊ីទាំងពីរបានប្រឈមមុខនឹងបញ្ហាជម្លោះព្រំដែន ខណៈរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមធ្វើឱ្យក្រុមដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដូចជា G20 កាន់តែស្របទៅតាមផលប្រយោជន៍របស់ខ្លួន។

លោកគូថេរ៉េសបានទទូចទៀតថា «ប្រទេសនានាត្រូវតែទទួលខុសត្រូវ ដោយមិនគិត ថាតើវាជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ឬអនុប្រធានាធិបតី ដែលមកទីក្រុងញូវដេល្លី នោះទេ»៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *