ក្រុមមនុស្សលក់ទំនិញតាមអនឡាញ៩នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខពាក់ព័ន្ធករណីឆក់

ព្រះសីហនុ ៖ ក្រុមមនុស្សលក់ទំនិញតាមអនឡាញ៩នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខ នាថ្ងៃទី៩កញ្ញាឆ្នាំ២០២៣បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច កាលពីពេលថ្មីកន្លងទៅនេះ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បាន២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់សរុបមានគ្នា ៩នាក់ ។ 

វត្ថុតាងដែលដកហូតបាន ដែលជាមធ្យោយបាយធ្វើសកម្មភាពរួមមាន ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺមផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IU-9615 , ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខកំពង់ចាម 1AB-2194, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185, ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ និងម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *