ឃាត់ជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគាស់ទូកុងតឺន័រ

ភ្នំពេញ ៖ ជនសង្ស័យ៧នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ឱ្យនគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី នាថ្ងៃទី៩កញ្ញាឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងចម្រុះបង្ក្រាបបានជាបន្តបន្ទាប់ពាក់ព័ន្ធករណី​លួចមានស្ថានទម្ងន់ទោស គាស់ទូកុងទីន័រលួចទ្រព្យសម្បត្តិ នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ក្រោយទទួលបានបទបញ្ជាពីលោកប្រធាននាយកដ្ឋាន លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្នលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក​ ឆាន់​ គឹមលី​ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងនគរបាលស្រុកត្រាំកក់ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ៧នាក់ កាលពីថ្ងៃទី៨កញ្ញាឆ្នាំ២០២៣។

​សមត្ថកិច្ចបន្តថា ជនសង្ស័យ៧នាក់រួមមាន ១-ឈ្មោះ​ នួន​ ឈុនលាង​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិខ្មែរ, ២-ឈ្មោះ​ សែ​ គន្ធា​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ ជនជាតិខ្មែរ, ៣-ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ​៣៤ឆ្នាំ ជនជាតិខ្មែរ , ៤-ឈ្មោះអែម សំអុល ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិខ្មែរ ,៥-ឈ្មោះ ហេង ប៊ុនស ភេទប្រុស អាយុ​ ៤៥ឆ្នាំ ជនជាតិខ្មែរ , ៦-ឈ្មោះ ញ៉ាញ់​ សន ភេទស្រី​ អាយុ​៥៤ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម)និង៧-ឈ្មោះ យ៉ិច​ ពេជ្យ ភេទស្រីអាយុ​ ៥៣ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង ០២រំលងអធ្រាត្រ មានជនសង្ស័យមួយក្រុម(មើលតាមកាមេរ៉ាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញសង្កាត់ឃ្មួញ ខណ្ឌសែនសុខ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅនគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *