សម្តេចធិបតី​ ហ៊ុន ម៉ាណែត បញ្ជាឱ្យស្រាវជ្រាវ ការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ

ភ្នំពេញ ៖ យោងតាមប្រព័ន្ធបណ្ដាញសង្គមផ្លូវការ របស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ឱ្យស្រាវជ្រាវ ការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ។

ខ្លឹមសារទាំងស្រុង របស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត បានបង្ហាញថា « ក្រោយពីបានទទួលព័ត៌មាន តាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ 

ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ ៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *