ក្រុមអ្នកជួយសង្គ្រោះម៉ារ៉ុក កំពុងស្វែងរកអ្នកនៅរស់ ពីការរញ្ជួយដី

បរទេស ៖ ក្រុមអ្នកជួយសង្គ្រោះបានបន្ថយក្តីសង្ឃឹម កាលពីថ្ងៃអង្គារក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតនៅប្រទេសម៉ារ៉ុក គឺបួនថ្ងៃបន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លាបានធ្វើឱ្យមនុស្សជាង ២.៩០០ នាក់បាត់បង់ជីវិត ដែលភាគច្រើនជាអ្នករស់នៅក្នុងភូមិដាច់ស្រយាលនៃជួរភ្នំហាយអាតឡាស (High Atlas)។

ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះ មកពីព្រះរាជាណាចក្រនេះនិងពីបរទេសបានបន្តជីកកកាយតាមគំនរបាក់បែកនៃផ្ទះធ្វើពីដីឥដ្ឋ ដោយសង្ឃឹមថានឹងមានសញ្ញានៃជីវិតក្នុងការប្រណាំងប្រជែងនឹងពេលវេលាបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,៨ រិច្ឆទ័រកាលពីល្ងាចថ្ងៃសុក្រ កន្លងទៅ ។

ចំណែកកាកបាទក្រហម បានអំពាវនាវរកជំនួយជាង ១០០ លានដុល្លារដើម្បីបំពេញ តម្រូវការបន្ទាន់បំផុត នៅក្នុងប្រទេសអាហ្រ្វិកខាងជើង រួមទាំងទឹក ទីជម្រក សេវាសុខភាព និង អនាម័យផងដែរ។

លោកស្រី ខារ៉ូលីន ហូល (Caroline Holt) នាយកប្រតិបត្តិសកលនៅសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងសង្គមអឌ្ឍចន្ទក្រហម បាននិយាយថា «យើងត្រូវធ្វើឱ្យប្រាកដថា យើងចៀសវាងរលកទីពីរនៃគ្រោះមហន្តរាយ»។

នៅមជ្ឈមណ្ឌលទេសចរណ៍ម៉ារ៉ាកេស (Marrakesh) ដែលមជ្ឈមណ្ឌលប្រវត្តិសាស្ត្រចុះក្នុងបញ្ជីអង្គការយូណេស្កូរបស់ខ្លួន បានទទួលរងការប្រេះនិងការខូចខាតធំៗផ្សេងទៀតនោះ គ្រួសារជាច្រើននៅតែដេកមិនលក់នៅទីចំហដោយសម្ងំពួនក្នុងភួយនៅលើទីលានសាធារណៈ ព្រោះខ្លាចមានគ្រោះរញ្ជួយដីតូចៗដទៃទៀតកើតឡើង ។

តែតម្រូវការនេះគឺខ្វះខាតយ៉ាងខ្លាំងបំផុតនៅតាមភូមិភ្នំដាច់ស្រយាលនិងភាពក្រីក្រ ដោយភូមិភាគច្រើនអាចទៅដល់បានតែតាមរយៈផ្លូវដីហុយ កន្លែងដែលផ្ទះបែបបុរាណបានដួលរលំទៅជាកម្ទេចថ្មនិងធូលី ហើយអ្នកស្រុកព្យាយាមកាយគំនរដោយដៃដើម្បីរកសាច់ញាតិដែលបានបាត់ខ្លួន។

មានមនុស្សប្រហែល ១០០ នាក់បានបាត់បង់ជីវិត នៅក្នុងភូមិតំបន់ភ្នំឌូសរូ (Douzrou) ស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រពីភាគនិរតីទីក្រុងម៉ារ៉ាកេស ជាកន្លែងដែលអ្នកនៅរស់រានមានជីវិត ឥឡូវនេះរស់នៅក្នុងជម្រកបណ្តោះអាសន្ន ឆ្ងាយពីផ្ទះដែលត្រូវបានបំផ្លាញឬខូចខាតយ៉ាងធ្ងន់ធ្ងររបស់ពួកគេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *