គេចខ្លួនទៅនៅថៃជិត០៣ឆ្នាំ សមត្ថកិច្ចចាប់បានមកទទួលទោសវិញ

ភ្នំពេញ ៖ ពិរុទ្ធជនម្នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចថៃ សហការចាប់បញ្ជូនមកទទួលទោស ពីបទឃាតកម្ម និងកាន់កាប់អាវុធ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ភូមិ១៣ សង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ។ 

លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការដឹកនាំបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំង និងកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរៈជាតិប៉ោយប៉ែត ទទួលពិរុទ្ធជន ដែលកម្លាំងនគរបាលជាតិថៃ ចាប់បាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នៅក្នុងទឹកដីប្រទេសថៃ តាមដីកា ហើយបញ្ជូនមកកម្ពុជា ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។ 

ពិរុទ្ធជនមានឈ្មោះ លី ថារិយ ភេទប្រុស ៣២ឆ្នាំ មុខរបរនគរបាល ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ៦៨៨ ដ.ច.ន ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្នពិរុទ្ធជនខាងលើ កំពុងបញ្ជូនខ្លួនមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ 

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យមួយរូបជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះជាជាងកាត់សក់ ហើយបានប្រតាយប្រតប់គ្នាថែមទៀតផង ស្រាប់តែជនសង្ស័យបានយកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ក្រោយបាញ់សម្លាប់គេហើយ ជនសង្ស័យបានរត់គេចខ្លួន រហូតមកទល់ពេលនេះមានរយៈជិត៣ឆ្នាំ ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *