ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារមួយចំនួន ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស

ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការគឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។ 

នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) ថ្លែងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកខណ្ឌ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ាសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីកការប្រគល់មុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា តាមទិដ្ឋភាពដូចដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឱ្យទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុ ក ខណ្ឌទូទាំងប្រទេស ។ 

តាមបញ្ញត្តិអនុត្រឹត្យនេះ ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា គឺផ្ដោតលើការប្រគល់មុខងារចំនួន ៣ រួមមាន ៖ ទី១ មុខងារគ្រប់គ្រងការអប់រំកុមារតូច ទី២មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងទី៣ មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ បន្ថែមពីនេះគឺការបន្តធ្វើប្រតិភូកម្មមុខងារគាំទ្ររដ្ឋបាលចំនួនបី រួមមាន ៖ មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយនិងកីឡា។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានពន្យល់ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យនេះ  គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់ នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោលបំណង នៃកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាន និងកំពុងអនុវត្ត ដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ តែទោះបីយ៉ាងណា ក្រសួងអប់រំ យុវជន និងកីឡា នៅតែមានតួនាទីសំខាន់នៅក្នុងការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធីសិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា ការជ្រើសរើស និងការ បណ្តុះបណ្តាលគ្រូ ការគាំទ្របច្ចេកទេស ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដដែល។ 

សូមជម្រាបថា យោងអនុក្រឹត្យខាងលើនេះ តម្រូវឱ្យ គ.... ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌរៀបចំបញ្ចប់នីតិវិធីនានាឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ អាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យទាំងនេះចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕ ដោយ ៖ ហួតសម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *