បារាំងដកឯកអគ្គរដ្ឋទូតនិងទាហានចេញពីនីហ្សេ ក្រោយមានរដ្ឋប្រហារ

បរទេស ៖ លោកអេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃអាទិត្យបានប្រកាសថា «បារាំងនឹងដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនីហ្សេ ហើយបន្ទាប់មកទៀតនឹងដកយោធាបារាំងចេញនៅប៉ុន្មានខែខាងមុខ ជាចំណាត់ការមួយត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធានីហ្សេថាជា «ជំហានឆ្ពោះទៅរកអធិបតេយ្យភាព»។

លោកប្រធានាធិបតីបារាំង បានប្រកាសបែបនេះ ធ្វើឡើងពីរខែបន្ទាប់ពីមានរដ្ឋប្រហារនៅប្រទេសអាហ្វ្រិកខាងលិចនេះ ដែលបានបណ្តេញប្រធានាធិបតីដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉ារីស។

លោកអេមម៉ានុយអែល ម៉ាក្រុងបានប្រាប់ទូរទស្សន៍បារាំងក្នុងបទសម្ភាសន៍មួយថា «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និង អ្នកការទូតជាច្រើននាក់នឹងត្រឡប់មកបារាំងវិញ»ដោយមិនផ្តល់ព័ត៌មានលម្អិតថាតើរឿងនេះនឹងត្រូវរៀបចំយ៉ាងម៉េចនោះទេ។

លោកម៉ាក្រុង បានបន្តថា «កិច្ចសហប្រតិបត្តិការយោធាបានចប់សព្វគ្រប់ហើយ ឯកងទ័ពបារាំងនឹងដកចេញ នៅប៉ុន្មានខែនិងសប្តាហ៍ខាងមុខ ជាមួយនឹងការដកចេញទាំងស្រុងនៅចុងឆ្នាំនេះ»។

ចំណែកមេដឹកនាំ​យោធា​របស់​នីហ្សេ បាន​ឆ្លើយតប​យ៉ាង​រហ័ស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ដែល​បាន​អាន​តាម​ទូរទស្សន៍ជាតិ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំយោធា ដែលបានដណ្តើមអំណាចដោយការផ្តួលរំលំប្រធានាធិបតីម៉ូហាម៉េដ បាហ្សួម (Mohamed Bazoum) កាលពីថ្ងៃទី ២៦ ខែកក្កដា បាននិយាយថា «ថ្ងៃអាទិត្យនេះ យើងប្រារព្ធជំហានថ្មីមួយឆ្ពោះទៅរកអធិបតេយ្យភាពរបស់នីហ្សេ»។

សេចក្តីថ្លែងការណ៍របស់នីហ្សេបានបន្តថា «នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ ដែលនិយាយអំពីការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ប្រជាជននីហ្សេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *