អាវុធហត្ថខេត្តមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូង ពាក់ព័ន្ធគ្រឿងញៀន

បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី នាថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានប្រាប់ឱ្យ ដឹងថា នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចមុខវត្តសុភមង្គលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។  

ជនសង្ស័យឃាត់ខ្លួន ទី១-ឈ្មោះ ស៊ន សការៈ ហៅកា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ប្រើប្រាស់)និង២-ឈ្មោះ ស៊ីម វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អាប់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។

លោកប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានបញ្ជាក់ថា ចំពោះវត្ថុតាងចាប់បានរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៣,១៧ក្រាម, -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣គ្រាប់ ទម្ងន់ ០,៥៣ក្រាម, -ម៉ូតូ ចំនួន ០១គ្រឿង, -ទូរស័ព្ទ ចំនួន ០៣គ្រឿង, -នាឡិកាដៃលោហធាតុពណ៌លឿង ចំនួន ០១គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោក បន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្រ្តក្រុង បានឃើញ ឈ្មោះ ស៊ន សការៈ គួរឱ្យសង្ស័យ កម្លាំងក៏បានឃាត់សួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនប្រាណ ឃើញមានគ្រឿងញៀន ពេលនោះកម្លាំងធ្វើការឃាត់ខ្លួនភ្លាម ៗយកមកសួនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ 

បន្ទាប់ពីសួរនាំ និង ដោយមានការសហការពីជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានសុំកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ីម វុត្ថា (ជួញដូរ និងប្រើប្រាស់ ) នាំមកកាន់មូលដ្ឋាន អាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ ឈ្មោះ ស៊ីម វុត្ថា បានសារ ភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ផង ពិតប្រាកដមែន។ 

ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង២ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។ ការ បង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *