នគរបាលបញ្ជូនមុខសញ្ញាបទល្មើស២នាក់ ឡើងតុលាការខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលបញ្ជូនឡើងតុលាការនាថ្ងៃទី២៤កញ្ញា បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់២នាក់នេះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ អូ ទាវ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់៤៦គ្រាប់ និង ២-ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ។

ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា កូនជញ្ជីងចំនួន២,កាំភ្លើងខ្លីកែឆ្នៃចំនួន១ ,កាំភ្លើងវែងកែឆ្នៃចំនួន ៣ដើម,គ្រាប់កាំភ្លើងអាកា ចំនួន៩គ្រាប់ នឹងបង់ចំនួន១ ,បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ ,សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ដែកកេះកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។

ក្រោយសួរនាំ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *