លួចអំពូលភ្លើងហ្វារ២១គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល ៖ ជនសង្ស័យម្នាក់លួចអំពូលភ្លើងហ្វារ២១គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៤និង២០នាទីល្ងាច នៅចំណុច ផ្ទះឃ្លាំងជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ វ៉ិត ចាន់ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរបើកបរ ជាតំណាងម្ចាស់ឃ្លាំង។ចំណែកជនសង្ស័យឈ្មោះ យិន ហេង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរទិញអេតចាយ(ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារចំនួន២ដង ករណីលួចនិងមានសារធាតុញៀនក្នុងទឹកនោម។វត្ថុតាងដកហូតបានរួមមាន អំពូលហ្វាចំនួន២១គ្រាប់ ជារបស់ជនរងគ្រោះ,រទេះអូស ចំនួន១, សោចំនួន៩, ញញួរ៣,កាំបិតប៉័ងតោ ៣ និង ដែកកាប់១។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុមានជនសង្ស័យបានផ្លោះរបងចូលលួចអំពូលហ្វាចំនួន ២១គ្រាប់ ចេញពីឃ្លាំងរបស់ជនរងគ្រោះភ្លាមនោះជនរងគ្រោះក៏បានចេញដើររក ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងអូសរទេះដឹកអំពូលហ្វារបស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ឱ្យចុះឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងយកមកសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង។ 

តាមការសាកសួរជនសង្ស័យឆ្លើយថា«អំពូលភ្លើងហ្វាទាំង ២១គ្រាប់នោះ គាត់មិនបានលួចនោះទេគឺមានបុរសម្នាក់មិនស្គាល់ឈ្មោះជាអ្នកលួច ហើយបានយកមកលក់ឱ្យគាត់ក្នុងតម្លៃ១១ម៉ឺន៤ពាន់រៀល»។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *