ប្រាប់ថាអត់លុយសងទេ ចង់ធ្វើអ្វីក៏ធ្វើទៅ , កូនបំណុលដេកពេទ្យ ម្ចាស់បំណុលជាប់ទោស

ភ្នំពេញ ៖ ផ្ដើមពីរឿងរ៉ាវម្ចាស់បំណុលទៅទារប្រាក់កូនបំណុល ក៏បង្កទៅជាអំពើហិង្សា កូនបំណុលដេកពេទ្យ ម្ចាស់បំណុលជាប់ទោស កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៥៧ ផ្លូវ៣៥១ ភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះផាន់ មករា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ឯជនសង្ស័យឈ្មោះភឿនច័ន្ទ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកជួបជនរងគ្រោះ ដើម្បីទារប្រាក់ជំពាក់៧៥០០ដុល្លារ ពេលនោះជនរងគ្រោះឆ្លើយថា អត់មានប្រាក់ សងទេ ចង់ធ្វើអីធ្វើទៅ! ហើយក៏ទាស់សម្តីគ្នា ស្រាប់តែជនសង្ស័យយកកាបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាលនិងជាច្រើនកន្លែងទៀត រួចសមត្ថកិច្ច ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន  នគរបាលខណ្ឌច្បារអំពៅ សាកសួរ អនុវត្តតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *