ការផ្ទុះនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បង្ករបួសជាង២០០នាក់

បរទេស ៖ មានករណីការបំផ្ទុះដ៏ខ្លាំងមួយបានកក្រើកតំបន់ភ្នំ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) កាលពីថ្ងៃចន្ទទី២៥កញ្ញាឆ្នាំ២០២៣ ខណៈជនជាតិអាម៉េនី នាំគ្នាចាកចេញពីដែនដីផ្តាច់ខ្លួន បន្ទាប់ពីយោធាអាហ្សែបៃហ្សង់បានដណ្តើមមកវិញនូវការគ្រប់គ្រងទាំងស្រុងលើតំបន់នេះ នៅក្នុងការវាយលុកលឿនដូចផ្លេចបន្ទោរកាលពីសប្តាហ៍មុន។

លោក ហ្គេចហាម ស្តេផានយ៉ាន (Gegham Stepanyan) ជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានសរសេរលើ X ថា «ការផ្ទុះនៅទីតាំងស្តុកឥន្ធនៈមួយនៅជិតទីក្រុងស្តេផាណាកឺត (Stepanakert) ក្នុងតំបន់នេះបានបណ្តាលឱ្យមនុស្សជាង ២០០ នាក់រងរបួស»។ 

តែភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ថាតើការផ្ទុះនេះកើតឡើងដោយសារអ្វីនោះទេ ខណៈដែលអ្នកស្រុកកំពុងតម្រង់ជួរដើម្បីចាក់សាំងរថយន្តរបស់ពួកគេ ដើម្បីចាកចេញពីតំបន់នោះ។

លោកស្តេផានយ៉ានបាននិយាយថា ជនរងគ្រោះភាគច្រើនស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរឬរ៊ាំរ៉ៃ ដោយបន្ថែមថាជនរងគ្រោះត្រូវការការសន្តោងតាមឧទ្ធម្ភាគចក្រចេញពីតំបន់ ដើម្បីទទួលការព្យាបាលវេជ្ជសាស្ត្រដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ គេ​មិន​ច្បាស់​ថា​មាន​អ្នក​ស្លាប់​ឬ​អត់​នោះ​ទេ។

ចំណែកយោធាអាហ្សែបៃហ្សង់បានវាយលុកលើកងកម្លាំងអាម៉េនីក្នុងរយៈពេល ២៤ ម៉ោងកាលពីសប្តាហ៍មុនដោយបង្ខំឱ្យអាជ្ញាធរផ្តាច់ខ្លួនយល់ព្រមទម្លាក់អាវុធចុះ និងចាប់ផ្តើមការចរចាស្តីពី ការរួមបញ្ចូលគ្នាឡើងវិញ របស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ទៅក្នុងប្រទេសអាហ្សែបៃហ្សង់ បន្ទាប់ពីការគ្រប់គ្រងបែបផ្តាច់ខ្លួនអស់បីទសវត្សរ៍។

ខណៈពេលអាហ្សែបៃហ្សង់សន្យាថា នឹងគោរពសិទ្ធិជនជាតិភាគតិចអាមេនីនៅក្នុងតំបន់និងស្ដារការផ្គត់ផ្គង់ឡើងវិញបន្ទាប់ពីការហ៊ុមព័ទ្ធរយៈពេល ១០ ខែ អ្នកស្រុកជាច្រើនបារម្ភអំពីការសងសឹកហើយបានសម្រេចចិត្តចាកចេញទៅកាន់ប្រទេសអាមេនី។

ឯរដ្ឋាភិបាលអាមេនីបាននិយាយថា «មានអ្នកស្រុកជាង ៦.៥០០ នាក់នៃតំបន់ណាហ្គ័រណូ-ការ៉ាបាក់បានភៀសខ្លួនទៅកាន់ប្រទេសអាមេនីគិតត្រឹមថ្ងៃចន្ទ។

ចំណែករដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា កងរក្សាសន្តិភាពរុស្ស៊ីនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ កំពុងជួយដល់ការជម្លៀស។ មនុស្សប្រហែល ៧០០ នាក់នៅតែស្ថិតក្នុងជំរំរក្សាសន្តិភាពនៅទីនោះកាលពីថ្ងៃចន្ទ។

មនុស្សរាប់សិបនាក់កំពុងតម្រង់ជួរនៅទីតាំងស្តុកប្រេងឥន្ធនៈ ជាកន្លែងដែលការផ្ទុះបានកើតឡើង ដោយសារតែពួកគេត្រូវបានគេសន្យាផ្តល់ប្រេងឥន្ធនៈ ដែលមានការខ្វះខាតខ្លាំងក្នុងអំឡុងពេលការហ៊ុមព័ទ្ធ សម្រាប់រថយន្តរបស់ពួកគេអាចផ្លាស់ទីទៅប្រទេសអាមេនី នេះបើយោងតាមអាជ្ញាធរផ្តាច់ខ្លួនរបស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់។

ការផ្ទុះនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចចរចាជុំទីពីររវាងមន្ត្រីអាហ្សែបៃហ្សង់និងអ្នកតំណាងរបស់ក្រុមផ្តាច់ខ្លួនបានធ្វើឡើងកាលពីថ្ងៃចន្ទនៅក្នុងទីប្រជុំជនខូចាលី (Khojaly) ភាគខាងជើងនៃទីក្រុងធំរបស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់។

ការចរចាជុំទីមួយបានធ្វើឡើងកាលពីសប្តាហ៍មុន។ ការិយាល័យប្រធានាធិបតីរបស់អាហ្សែបៃហ្សង់បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចចរចាត្រូវបានធ្វើឡើង ក្នុងបរិយាកាសស្ថាបនា ហើយការចរចានោះទៀតសោតផ្តោតលើការផ្តល់ជំនួយមនុស្សធម៌និងសេវាកម្មវេជ្ជសាស្រ្តដល់តំបន់នេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *