លោកយាយឥណ្ឌាមានជន្មាយុ ៩២ ឆ្នាំ បានចូលរៀនអក្សរ ជាលើកដំបូង

បរទេស ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី២៧កញ្ញាឆ្នាំ២០២៣ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា លោកយាយជនជាតិឥណ្ឌាម្នាក់ ដែលមានជន្មាយុ ៩២ ឆ្នាំ បានរៀនអាននិងសរសេរអកកសរ បន្ទាប់ពីបានទៅសាលារៀនជាលើកដំបូង ហើយបានបំផុសគំនិតដល់អ្នកដទៃឱ្យចូលរួមរៀនជាមួយលោកយាយ។

លោកយាយ សាលីម៉ា ខាន់ (Salima Khan) ដែលកើតក្នុងឆ្នាំ ១៩៣១ និង បានរៀបការនៅអាយុ ១៤ ឆ្នាំ ពោលគឺពីរឆ្នាំមុនការបញ្ចប់អាណានិគមអង់គ្លេសនៅក្នុងប្រទេសឥណ្ឌា មានក្តីសុបិនពេញមួយជីវិតមួយ គឺ «ចេះអាននិងសរសេរអកកសរ»។

លោកយាយខាន់ មកពីទីក្រុងប៊ូឡាន់សា (Bulandshahr) ក្នុងរដ្ឋអ៊ូតថាប្រាដេស (Uttar Pradesh) ភាគខាងជើងបាននិយាយថា«មិនមានសាលារៀននៅក្នុងភូមិរបស់លោកយាយទេ កាលពីលោកយាយនៅក្មេង»។ 

សូមបញ្ជាក់ថា កាលពីប្រាំមួយខែមុន លោកយាយបានចាប់ផ្តើមសិក្សាជាមួយសិស្សដែលមានអាយុតិចជាងលោកយាយ ៨ ទសវត្សរ៍ ហើយលោកយាយត្រូវបានអមដំណើរទៅថ្នាក់រៀនដោយភរិយារបស់ចៅប្រុសរបស់គាត់។សាច់រឿងរបស់លោកយាយបានរំលេចឡើង បន្ទាប់ពីវីដេអូនៃការរាប់របស់លោកយាយពី ១ ដល់ ១០០ បានល្បីនៅលើបណ្តាញសង្គម។

លោកយាយ​ត្រូវ​បាន​​ស្រង់​សម្តី​ដោយ​កាសែត Times of India ថា «ចៅ​របស់​ខ្ញុំ​ធ្លាប់​បោក​ខ្ញុំ​ឱ្យ​ហុចលុយ​បន្ថែម​ដល់​ពួកវា ដោយសារ​ខ្ញុំ​មិន​ចេះ​រាប់​ក្រដាស​ប្រាក់។ ថ្ងៃទាំងនោះបានកន្លងផុតទៅហើយយូរហើយ»។

មន្ត្រីអប់រំ លោកស្រី ឡាក់ស្មី ផានឌី (Lakshmi Pandey) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «សាច់រឿងរបស់លោកយាយបានពង្រឹងជំនឿថាការស្វែងរកចំណេះដឹងមិនត្រូវបានកំណត់តាមអាយុនោះទេ ខណៈអត្រាអក្ខរកម្មរបស់ប្រទេសឥណ្ឌាគឺប្រហែល ៧៣ ភាគរយ ,នេះបើយោងតាមជំរឿនឆ្នាំ ២០១១»។

លោកស្រីផានឌីបាននិយាយថា អ្នកស្ម័គ្រចិត្តមកពីគំនិតផ្តួចផ្តើមការអប់រំរបស់រដ្ឋាភិបាលបានកំណត់ថា លោកយាយខាន់គឺជាសិស្សសក្តានុពល ហើយបានលើកទឹកចិត្តលោកយាយទៅសាលារៀន។

ចំណែកនាយកសាលា លោកស្រី ប្រាទីបា សាម៉ា (Pratibha Sharma) បានប្រាប់កាសែត Times of India ថា«គ្រូៗ ពីដំបូងមានការស្ទាក់ស្ទើរ អំពីការចាប់ផ្តើមបង្រៀនលោកយាយខាន់ ,ប៉ុន្តែទន់ចិត្តដោយសារមហិច្ឆតា ចង់ចេះចង់ដឹងរបស់លោកយាយ។ យើងគ្មានកូនចិត្តត្រូវបដិសេធលោកយាយទេ»។

លោកស្រីសាម៉ាបានប្រាប់កាសែតប្រចាំថ្ងៃខាងលើថា ចាប់តាំងពីលោកយាយបានទៅសាលារៀន មានស្ត្រីចំនួន២៥ នាក់មកពីភូមិរបស់លោកយាយ បានចាប់ផ្តើមថ្នាក់អក្ខរកម្ម រួមទាំងកូនប្រសាពីរនាក់របស់លោកយាយផងដែរ។

បើតាមសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Records) បានចុះបញ្ជីលោក គីម៉ានី ង៉ានង៉ា ម៉ារូ (Kimani Ng’ang’a Maruge) មកពីប្រទេសកេនយ៉ា ជាមនុស្សចាស់បំផុតដែលបានបញ្ចប់ថ្នាក់បឋមសិក្សាដោយបានចុះឈ្មោះចូលរៀនក្នុងឆ្នាំ ២០០៤ នៅពេលគាត់មានអាយុ ៨៤ ឆ្នាំ។

ជាអតីតយុទ្ធជនទ័ពព្រៃមូមូ (Mau Mau) ប្រឆាំងនឹងកងកម្លាំងអាណានិគមអង់គ្លេស លោកតាម៉ារូបានចាប់ផ្តើមចូលរៀន ដោយចង់ចេះរាប់លុយនិងអានព្រះគម្ពីរ ហើយក្រោយមកត្រូវបានតែងតាំងជា «ប្រធានថ្នាក់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *