បាត់បង់ជីវិតមនុស្ស២១នាក់ ដោយគ្រោះថ្នាក់ រថយន្តក្រុង នៅជិតទីក្រុងវេនីស របស់អ៊ីតាលី

បរទេស ៖ មានមនុស្សយ៉ាងហោចណាស់ ២១ នាក់បានបាត់បង់ជីវិត និង ១៨ នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងបើកធ្លាក់ផ្លូវខ្ពស់ នៅមេស្ត្រេ (Mestre) ប្រទេសអ៊ីតាលី ក្បែរបឹងទឹកប្រៃវេនីធៀនឡាហ្គូន (Venetian Lagoon) ជាប់ទីក្រុងលើទឹកបុរាណ វេនីស (Venice) ជាកន្លែងដែលអ្នកពន្លត់អគ្គិភ័យនិងអ្នកសង្គ្រោះបន្ទាន់ផ្សេងទៀត បានធ្វើការទាំងយប់ដើម្បីព្យាយាមទាញយកសាកសព និងពន្លត់អណ្តាតភ្លើង។

បើយោងតាមមន្ត្រីទីក្រុងវេនីសបានឱ្យដឹងថា «រថយន្តក្រុងនេះបានដឹកអ្នកទេសចរបរទេស រួមទាំងជនជាតិអ៊ុយក្រែននៅពេលដែលវាបើកធ្លាក់ពីផ្លូវខ្ពស់មួយកាលពីថ្ងៃអង្គារ តាមផ្លូវទៅកាន់កន្លែងបោះជំរំក្បែរសហគមន៍ម៉ាហ្គេរ៉ា(Marghera)»។

លោក មូរ៉ូ លូនហ្គោ (Mauro Luongo) មេបញ្ជាការក្រុមពន្លត់អគ្គិភ័យរបស់ក្រុងវេនីសបាននិយាយថា «មានមនុស្សនៅក្នុងឡានក្រុងបានមើលឃើញខ្លួនឯងព័ទ្ធជុំវិញដោយអណ្តាតភ្លើង។ កន្លែងកើតហេតុដែលយើងបានឃើញគឺគួរឱ្យភ័យខ្លាចណាស់។ យើងចំណាយពេលប្រហែលមួយម៉ោងដើម្បីយកសាកសពមួយចំនួនចេញ»។

លោក លីវហ្គី ប្រ៊ូកណារ៉ូ (Luigi Brugnaro) អភិបាលក្រុងវេនីស បានសរសេរនៅលើ X ថា «កន្លែងកើតហេតុគឺអាក្រក់មើលមិនយល់ ហើយបានប្រកាសកាន់ទុក្ខក្នុងទីក្រុងទាំងមូល»។

លោករីណាតូ បូរ៉ាសូ (Renato Boraso) មន្ត្រីទីក្រុងវេនីសបាននិយាយថា «អ្នករងរបួសបួននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើងនៅលើដីគោកចម្ងាយត្រឹមតែ ៩ គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងបុរាណវេនីស»។ ចំណែកមន្ត្រីក្រុងវេនីសលោក មីសែល ឌី បារី (Michele Di Bari) បាននិយាយថា «អ្នកស្លាប់ពីរនាក់ជាកុមារ។អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួនប្រាំផ្សេងគ្នានៅក្នុងតំបន់»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឡានក្រុងបានធ្លាក់តែប៉ុន្មានម៉ែត្រមុនពេលធ្លាក់ផ្លូវចូលទៅជិតផ្លូវរថភ្លើងមេស្ត្រេ (Mestre) ជាកន្លែងដែលវាបានឆាបឆេះ។

ចំណែកលោក លូកា ហ្សាយ៉ា (Luca Zaia) អភិបាល​តំបន់វេណេតូ (Veneto)  បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ RAI ថា«មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​មិន​ទាន់ដឹង​ច្បាស់​នៅ​ឡើយ​ទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *