ប្រពន្ធបាត់បង់ជីវិត និង ប្តីរបួសធ្ងន់ ខណៈបើកម៉ូតូជួបគ្រោះថ្នាក់ នៅលើផ្លូវជាតិលេខ៥

ពោធិ៍សាត់ ៖  ស្រ្តីជាប្រពន្ធបានបាត់បង់ជីវិត ឯបុរសជាប្តីរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីបត់ឆ្វេងឆ្លងថ្នល់ជ្រុលទៅបុកម៉ូតូ ក្នុងទិសដៅច្រាសគ្នា កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ មានរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1551 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច ,មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង ជ្រុលទៅបុកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1G-3423 ដែលកំពុងធ្វើចរាចរណ៍ពីលិចទៅកើត ក៏បុកតែម្តង។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយកត្តា អ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ 

លោកអធិការ បានបញ្ជាក់ថា ជនរងគ្រោះទី១ឈ្មោះ រាម គានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់និងទី២ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ ត្រូវជាប្រពន្ធបានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។

បច្ចុប្បន្នវត្ថុតាង ជំនាញអធិការដ្ឋានបានប្រគល់ជូនទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ចាត់ការបន្តនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *