លោកចូ បៃដិន ព្រួយបារម្ភខ្លាចមាន ចលាចលនយោបាយ ប៉ះពាល់ជំនួយដល់អ៊ុយក្រែន

បរទេស ៖ លោកចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានសារភាពកាលពីថ្ងៃពុធថា «លោកមានការព្រួយបារម្ភថាភាពចលាចលនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន អាចគំរាមកំហែង ជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនដោយជំរុញឱ្យគណបក្សសាធារណរដ្ឋបញ្ឈប់ការឈ្លោះគ្នាក្នុងចំណោមពួកគេ និង គាំទ្រជំនួយ ដ៏សំខាន់ សម្រាប់រដ្ឋាភិបាលក្រុងគៀវ»។

លោកចូ បៃដិន បានបន្ថែមថា ក្នុងពេលឆាប់ៗនេះ លោកនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយស្តីពីតម្រូវការគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីភាពចលាចលនៅក្នុងទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យសម្ពន្ធមិត្តអាមេរិកមានការព្រួយបារម្ភ។

ខណៈពេលសួរថា តើការបណ្តេញប្រធានសភាមកពីគណបក្សសាធារណរដ្ឋលោក ខេវិន ម៉ាកកាធី (Kevin McCarthy) ដោយពួករឹងរូសនៅក្នុងគណបក្សរបស់គាត់ អាចបង្អាក់ថវិកាបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែនដែរឬទេ? លោកបៃដិនបានប្រាប់អ្នកយកព័ត៌មានថា «វាពិតជាធ្វើឱ្យខ្ញុំព្រួយ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​មាន​សមាជិក​ភាគច្រើន​នៃ​សភា​និង​ព្រឹទ្ធសភា​នៃ​គណបក្ស​ទាំងពីរ​ដែល​បាន​និយាយ​ថា​ពួកគេ​គាំទ្រ​ការផ្តល់​មូលនិធិ​ដល់​អ៊ុយក្រែន»។

បើតាមកិច្ចព្រមព្រៀងចុងក្រោយនៅក្នុងសភាដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិកកាលពីចុងសប្តាហ៍មិនមានការផ្តល់មូលនិធិថ្មីសម្រាប់អ៊ុយក្រែនទេ ហើយក្តីសង្ឃឹមសម្រាប់ដំណោះស្រាយរហ័សរឹតតែមានភាពស្មុគស្មាញបន្ថែមទៀតដោយការចាកចេញពីតំណែងរបស់លោកម៉ាកកាធី កាលពីថ្ងៃអង្គារ។

ចំពោះគូប្រជែងដើម្បីជំនួសគាត់មានទស្សនៈចម្រុះ ប៉ុន្តែក្នុងចំណោមពួកគេ គឺមានជនស្តាំនិយមក្បាលរឹង គឺលោក ជីមចូឌែន (Jim Jordan) មកពីគណបក្សសាធារណរដ្ឋ ដែលមានមន្ទិលយ៉ាងខ្លាំងលើការផ្តល់មូលនិធិដល់អ៊ុយក្រែន។

ចំណែកសេតវិមានព្រមានថា ជំនួយអាចនឹងអស់ក្នុងរយៈពេលប៉ុន្មានខែទៀត ខណៈអ៊ុយក្រែនព្យាយាមជំរុញការវាយលុកយឺតៗរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី មុនពេលរដូវរងាចូលមកដល់។

សេតវិមានបានបន្ថែមថា ប្រធានាធិបតីនឹងទទួលព័ត៌មានសង្ខេបអំពីអ៊ុយក្រែនពីក្រុមសន្តិសុខជាតិរបស់គាត់នៅថ្ងៃព្រហស្បតិ៍ ដែលមានការចូលរួមជាលើកដំបូងពីមន្ត្រីយោធាកំពូលអាមេរិកថ្មី គឺឧត្តមសេនីយ៍ ឆាល ស៊ីឃ្យូ ប្រោន(Charles “CQ” Brown)។

លោកបៃដិនបានចង្អុលបង្ហាញថា«មានមធ្យោបាយផ្សេងទៀតដែលយើងអាចស្វែងរកមូលនិធិ ដោយគ្មានការយល់ព្រមពីសភា ប៉ុន្តែនឹងមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *