សង្គ្រាមផ្លូវការត្រូវបានប្រកាស ហើយអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដើម្បីកម្ទេចពួកអ្នកប្រយុទ្ធហាម៉ាស់ឱ្យអស់

បរទេស ៖ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសសង្គ្រាមជាផ្លូវការនិងផ្តល់ភ្លើងខៀវសម្រាប់ «ដំណាក់កាលយោធាដ៏សំខាន់»ដើម្បីសងសឹកប្រឆាំងនឹងក្រុមហាម៉ាស់ដើម្បីវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ខណៈដែលយោធាបានធ្វើប្រតិបត្តិការកាលពីថ្ងៃចន្ទដើម្បីកម្ទេចក្រុមអ្នកប្រយុទ្ធ ដែលនៅតែស្ថិតនៅក្នុងបណ្តាទីប្រជុំជនភាគខាងត្បូង និងបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប គិតមកដល់ពេលនេះចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ១.១០០ ​នាក់និង ​រាប់​ពាន់​នាក់​រង​របួស​ទាំង​សងខាង។

រយៈពេលជាង ៤០ ម៉ោង បន្ទាប់ពីក្រុមហាម៉ាស់ បានបើកការលុកលុយមិនធ្លាប់មានពីមុនមករបស់ខ្លួនចេញពីតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែលនៅតែកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធដែលលាក់ខ្លួននៅក្នុងទីតាំងជាច្រើន។យ៉ាងហោចណាស់មនុស្ស ៧០០ នាក់ត្រូវបានរាយការណ៍ថា«បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងកម្រិតមួយដែលប្រទេសនេះមិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយមនុស្សជាង៤០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា»។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបាននាំយកកងកម្លាំងពិសេសដើម្បីព្យាយាមដណ្តើមការគ្រប់គ្រងទីតាំងអ៊ីស្រាអែលចំនួនបួនពីក្រុមអ្នកប្រយុទ្ធហាម៉ាស រួមទាំងសហគមន៍លំនៅឋានចំនួនពីរ ដែលពួកសកម្មប្រយុទ្ធបានសម្រុកចូលមុនក្នុងការវាយប្រហាររបស់ពួកគេ។ វីដេអូ ដែលចេញផ្សាយដោយប៉ូលិសអ៊ីស្រាអែលពីតំបន់មួយ បានបង្ហាញកងកម្លាំងក្រាបក្នុងស្មៅខ្ពស់ ខណៈដែលពួកគេបានបាញ់ប្រហារតដៃជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅទូទាំងតំបន់ទីវាលបើកចំហមួយ។

ការប្រកាសសង្រ្គាមនេះបានបង្ហាញឱ្យដឹងជាមុនអំពីការប្រយុទ្ធកាន់តែខ្លាំងក្លានាពេលខាងមុខ ហើយសំណួរសំខាន់មួយគឺថា«តើអ៊ីស្រាអែលនឹងបើកការវាយលុកថ្មើរជើងចូលហ្គាហ្សាឬអត់ ដែលជាចំណាត់ការមួយកាលពីអតីតកាលបាននាំមកនូវការស្លាប់និងរបួសយ៉ាងច្រើន»។

សូមបញ្ជាក់ថា ក្រុមហាម៉ាស់និងក្រុមជីហាតអ៊ីស្លាមបានអះអាងថា«បានចាប់មនុស្សជាង១៣០នាក់ពីខាងក្នុងប្រទេសអ៊ីស្រាអែល ហើយនាំពួកគេចូលទៅក្នុងតំបន់ហ្គាហ្សា។ ពួកគេនឹងត្រូវដោះដូរសម្រាប់ការដោះលែងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលអ៊ីស្រាអែលចាប់ដាក់គុក»។ ការ​ប្រកាស​នេះ បើទោះ​បី​ជា​មិន​បាន​បញ្ជាក់​ គឺ​ជា​សញ្ញា​ដំបូង​នៃ​វិសាលភាព​នៃ​ការ​ចាប់​ពង្រត់។

ចំពោះឈ្លើយសឹកត្រូវបានគេដឹងថា រួមមានទាហាននិងជនស៊ីវិល ក្នុងនោះមានទាំងស្ត្រី កុមារ និងមនុស្សចាស់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល ,ប៉ុន្តែក៏មានមនុស្សមួយចំនួនជាសញ្ជាតិផ្សេងទៀតផងដែរ។ ចំណែកយោធា​អ៊ីស្រាអែល​បាន​និយាយ​ថា« ​ចំនួន​ឈ្លើយសឹក​គឺ​ មានច្រើនណាស់​»។

លោក អានថូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយនៅក្នុងកម្មវិធី This Week របស់ទូរទស្សន៍ ABC ថា«យុទ្ធជនហាម៉ាស់ជាង ១.០០០ នាក់បានចូលរួមក្នុងការវាយលុកកាលពីព្រឹកថ្ងៃសៅរ៍។ តួលេខដ៏ខ្ពស់នេះគូសបញ្ជាក់អំពីវិសាលភាពនៃផែនការរៀបចំជាមុនដោយក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សា ដែលបាននិយាយថាខ្លួនបានបើកការវាយប្រហារជាការឆ្លើយតបទៅនឹងការកើនឡើងនូវការឈឺចាប់របស់ប៉ាឡេស្ទីនក្រោមការកាន់កាប់របស់អ៊ីស្រាអែល និងការបិទខ្ទប់តំបន់ហ្គាហ្សា»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *