បុរសម្នាក់ជិះរថយន្តតាក់ស៊ី ពីស្រុក ខណៈមកដល់មុខបន្ទប់ជួលរបស់ប្រពន្ធ រត់ចុះរត់ឡើងរហូតដល់ដាច់ខ្យល់

ភ្នំពេញ ៖ បុរសម្នាក់ដាច់ខ្យល់ ខណៈពេលជិះរថយន្តតាក់ស៊ីត្រឡប់មកពីស្រុកវិញ ហើយក៏បានចុះពីលើរថយន្តបានរត់ចុះរត់ឡើងពេញផ្លូវ កើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះជឹម ចន្ធី អាយុ៣៩ឆ្នាំ មុខរបរជាងពិដាន មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ស្នាក់នៅជាមួយប្រពន្ធនៅម្ដុំកើតហេតុខាងលើ។

យោងតាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយតែងតែឧស្សាហ៍ប្រកាច់ជាប្រចាំផងដែរ។ មុនពេលកើតហេតុប្តីរបស់គាត់បានជិះរថយន្តតាក់ស៊ីត្រឡប់មកពីលេងស្រុកកំណើតវិញនៅឯខេត្តព្រៃវែង, ចំណែករូបគាត់កំពុងតែធ្វើការនៅក្នុងរោងចក្រ ។

ប្រភពសាក្សីនិយាយថា មុនពេលកើតហេតុគេឃើញបុរសខាងនេះចុះពីលើរថយន្តតាក់ស៊ី ហើយមានអាការៈដូចជាក្អួតចង្អោរ ទើបរូបគាត់ប្រឹងរត់ចុះរត់ឡើងពេញផ្លូវសម្រួលដល់ចលនាបេះដូងរបស់គាត់ ,មួយសន្ទុះក្រោយមកក៏បានរត់ចូលក្រោមកាំជណ្តើរផ្ទះជួល ហើយក៏បានប្រកាច់ដាច់ខ្យល់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកធ្វើការពិនិត្យ នឹងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *