លោកចូ បៃដិននិយាយថា ៖ ត្រូវតែកម្ទេចពួកហាម៉ាស ឱ្យអស់

បរទេស ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា «លោកជឿថាក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវតែលុបបំបាត់ចោលឱ្យអស់ ប៉ុន្តែគួរតែមានផ្លូវបង្កើតរដ្ឋប៉ាឡេស្ទីនមួយ បន្ទាប់ពីមន្ត្រីកំពូលរបស់សហរដ្ឋអាម៉េរិកបានព្រមានថា សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសអាចនឹងរីកធំឡើង»។

លោកបៃដិនមិនបានគិតថា កងទ័ពអាមេរិកនឹងចាំបាច់ជួយវាយលុកតាមជើងគោកទេ ដោយសារអ៊ីស្រាអែលមានកងកម្លាំងប្រយុទ្ធដ៏ល្អបំផុត ត្បិតនាវាចម្បាំងអាមេរិកបានធ្វើដំណើរទៅកាន់តំបន់នោះ ចំពេលមានការប៉ះទង្គិចខ្លាំងឡើងៗនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយលីបង់ ក៏ដោយ។

ចំណែកអ៊ីស្រាអែល​ បាន​​បើកយុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​យ៉ាងច្រើននៅជុំវិញ​តំបន់ហ្គាហ្សា​ដើម្បី​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​សំណាក់​ក្រុម​ហាម៉ាស​កាលពី ៨ ថ្ងៃ​មុន ​ដែល​បាន​សម្លាប់​ជនជាតិ​អ៊ីស្រាអែល​ប្រហែល១.៣០០ នាក់ ដែល​ភាគច្រើន​ជា​ជនស៊ីវិល។

ខណៈពេលត្រូវបានសួរថា តើគាត់ជឿថាក្រុមហាម៉ាសត្រូវតែលុបបំបាត់ទាំងស្រុងឬយ៉ាងណានោះ? លោកបៃដិនបានប្រាប់កម្មវិធី 60 Minutes​ របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា «ពិតណាស់ ខ្ញុំជឿដូច្នេះ។ ប៉ុន្តែត្រូវតែមានអាជ្ញាធរប៉ាឡេស្ទីនមួយ។ ត្រូវតែមានផ្លូវទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន»។

លោកប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​ថា វាអាច​ជា​កំហុស​មួយ​សម្រាប់​អ៊ីស្រាអែល​ក្នុង​ការ​កាន់កាប់​តំបន់ហ្គាហ្សាប៉ុន្តែ​ការ​ដក​ក្រុម​ហេសបូឡានិង​ក្រុម​ហាម៉ាស​ចេញ​គឺជា​តម្រូវការ​ចាំបាច់។ លោក​បាន​និយាយ​ថា​ «វា​នឹង​ជា​កំហុស​​… សម្រាប់​អ៊ីស្រាអែលដែល​កាន់កាប់​…តំបន់ហ្គាហ្សា​ម្តង​ទៀត​»។

សូមបញ្ជាក់ថា អ៊ីស្រាអែលបានដណ្តើមយកនិងកាន់កាប់តំបន់វេសប៊ែង ហ្គាហ្សា និង ហ្ស៊េរុយសាឡិមខាងកើត ក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧។ អ៊ីស្រាអែលបានដកអ្នកតាំងលំនៅ និងកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំ២០០៥ មុនពេលដែលក្រុមហាម៉ាសចូលកាន់កាប់ហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ ២០០៧ ហើយជម្លោះ​បាន​ធ្វើ​ឱ្យ​ភាព​តានតឹង​កើនឡើងជាលំដាប់។

ចំណែកទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់ CBS នៅព្រឹកថ្ងៃអាទិត្យថា «មានហានិភ័យនៃការកើនឡើងជម្លោះ ការបើកសមរភូមិទីពីរនៅភាគខាងជើង និង ពិតណាស់ គឺការចូលរួមរបស់អ៊ីរ៉ង់»។

ឯអាជ្ញាធរហ្គាហ្សាបាននិយាយថា មានមនុស្សជាង ២.៦៧០ នាក់ត្រូវបានសម្លាប់នៅទីនោះ ដោយមួយភាគបួននៃពួកគេជាកុមារ។ ចំនួនអ្នកស្លាប់ និងរបួសត្រូវគេរំពឹងថានឹងកើនឡើង នៅពេលដែលអ៊ីស្រាអែលត្រៀមសម្រាប់ការវាយលុកតាមជើងគោកលើតំបន់តូចមួយនេះ ដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែល ដែលអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រកាសដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះទីពីរកាលពីល្ងាចថ្ងៃសៅរ៍ ដោយហៅវាថាជាសញ្ញានៃ ការតាំងចិត្តរបស់យើងក្នុងការរារាំងរដ្ឋឬតួអង្គមិនមែនរដ្ឋណាមួយដែលព្យាយាមបង្កើនសង្រ្គាមនេះ»។ នាវាផ្ទុកយន្តហោះ Dwight Eisenhower នឹងចូលរួមជាមួយកងនាវាតូចមួយរួមទាំងនាវាផ្ទុកយន្តហោះដ៏ធំ Gerald R. Ford នៅសមុទ្រមេឌីទែរ៉ាណេខាងកើត៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *