កន្លះខែតុលានេះ មានមនុស្សលង់ទឹកស្លាប់១០នាក់ នោខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មានករណីមនុស្ស០២នាក់បានស្បាត់បង់ជីវិតដោយសារលង់ទឹក០២ករណីដោយឡែកពីគ្នា គឺម្នាក់នៅស្រុកមង្គលបូរី និង ម្នាក់ទៀតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើសរុបអ្នកលង់ទឹកស្លាប់១០នាក់ក្នុងរយៈពេលកន្លះខែនេះ។

ប៉ូលិសស្រុកមង្គលបូរីបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៤០នាទីរសៀលមានករណីបាត់មនុស្សម្នាក់នៅចំណុចប្រឡាយព្រែកសឿ ខាងលិចភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 

ប៉ូលិសបន្តថា ជនរងគ្រោះដែលបាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា ភេទប្រុស  អាយុ ២៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបានជិះគោយន្តទៅលេងទឹកនៅប្រឡាយព្រែកសឿជាមួយបងប្អូនឪពុកម្តាយមុនពេលត្រឡប់មកផ្ទះវិញ ក៏ស្រាប់បាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា មិនដឹងថាទៅណារកមិនឃើញ ហើយបាននាំគ្នាដើររករហូតដល់ម៉ោង១២យប់នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ម្តាយរបស់ជនរងគ្រោះ បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសឿ អោយជួយស្រាវជ្រាវរកកូនរបស់គាត់ផង ។ 

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ និងប្រជាការពារ ព្រមសាច់ញាតិបានចុះស្រាវជ្រាវតាមប្រឡាយទឹកហូររហូតដល់ម៉ោង០២និង៤៧នាទី រសៀលថ្ងៃទី១៥ ខែតុលា  ទើបប្រទះឃើញសព ឈ្មោះ ឈឿន ពេជ្ជរ៉ា លង់ទឹកស្លាប់នៅចំណុចវាលស្រែខាងកើតប្រឡាយព្រែកចំណោមចំងាយ ៥០ម៉ែត្រ ។

ចំណែកមួយករណីទៀតនៅស្រុកអូរជ្រៅ នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២ មានករណីក្មេងលង់ទឹកស្លាប់ក្នុងចំណោមក្មេង០៤នាក់ បានកើតឡើងនៅចំណុចក្នុងប្រឡាយកាយថ្មីខាងកើតជាប់ផ្លូវលំក្រាលកៅស៊ូចម្ងាយ២ម៉ែត្រ មានទទឹង៤ម៉ែត្រជំរៅ៤ម៉ែត្រ ជាប្រឡាយរដ្ឋ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្មេងរងគ្រោះឈ្មោះ នី តា ភេទស្រី អាយុ០៤ឆ្នាំ នៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ឆ្លងតាមការបំភ្លឺ របស់ឈ្មោះ ផាវ ផេង ភេទប្រុស អាយុ៣២ឆ្នាំត្រូវជាឪពុកមារនៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់(ត្រូវជាឪពុកមា)នាំក្មួយទៅលេងទឹក ចំនួន ៤នាក់ស្រី៣នាក់ ពេលទៅដល់កន្លែងទឹក គាត់កំពុងតែដាក់ជន្ទល់ម៉ូតូ ក៏ស្រាប់តែក្មេងទាំង៤នាក់នោះ រត់ចុះទឹកលង់ទាំង៤នាក់ ។

ពេលនោះបានកម្លាំងនគរបាលការពារនៅទីនោះនឹងប្រជាពលរដ្ឋបានជួយសង្រ្គោះទាន់ចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ។ ដោយឡែក ក្មេងស្រីរងគ្រោះឈ្មោះ នី តា អាយុ៤ឆ្នាំនៅពេលបានស្រង់ពីទឹកស្លាប់បាត់ទៅហើយ ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មកទល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានអ្នករងគ្រោះដោយសារលង់ទឹកសរុបចំនួន១៣នាក់ ក្នុងនោះស្លាប់ទាំងចាស់ទាំងក្មេងសរុបចំនួន១០នាក់និងជួយសង្រ្គោះបាន០៣នាក់(ក្មេង) ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *