មនុស្ស៥០០នាក់បាត់បង់ជីវិត ក្នុងការផ្ទុះគ្រាប់ នៅមន្ទីរពេទ្យហ្គាហ្សា ពួកហាម៉ាសនិង អ៊ីស្រាអែល ស្តីបន្ទោសដាក់គ្នា

បរទេស ៖ ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការផ្ទុះដ៏ធំមួយបានអង្រួនមន្ទីរពេទ្យមួយក្នុងទីក្រុងហ្គាហ្សា ដែលផ្ទុកទៅដោយអ្នករបួសនិងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកទីជម្រកកាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្សប្រមាណ៥០០នាក់បាត់បង់ជីវិត ។

ក្រុមហាម៉ាសបានស្តីបន្ទោសការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបន្ទោសការបាញ់គ្រាប់រ៉ុក្កែតខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត។

ខណៈការប្រយុទ្ធបានរីករាលដាលពាសពេញតំបន់ដោយសារតែការសម្លាប់រង្គាលនៅមន្ទីរពេទ្យ ហើយលោកប្រធានាធិបតី ចូ បៃដិន កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ក្នុងក្តីសង្ឃឹមថា«នឹងបញ្ឈប់សង្រ្គាមកុំឱ្យរីករាលដាលនោះ»។ 

រដ្ឋមន្ត្រីការបរទេសរបស់ហ្ស៊កដានីបាននិយាយថា ប្រទេសរបស់លោកបានលុបចោលកិច្ចប្រជុំកំពូលក្នុងតំបន់ដែលគ្រោងធ្វើនៅថ្ងៃពុធនេះនៅទីក្រុងអាមម៉ាន់ (Amman) ជាកន្លែងដែលលោកបៃដិន គ្រោងមកដល់ដើម្បីជួបជាមួយស្តេចអាប់ឌុលឡាទី២ (Abdullah II) នៃប្រទេសហ្ស៊កដានី ,ប្រធានាធិបតីប៉ាឡេស្ទីន ម៉ាម៉ូដ អាប់បាស(Mahmoud Abbas) និង ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតា អែល-ស៊ីសស៊ី (Abdel Fattah el-Sissi)។

លោក អាយម៉ាន់ សាហ្វាឌី (Ayman Safadi) រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បានប្រាប់ទូរទស្សន៍រដ្ឋថា «សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសកំពុង រុញច្រានតំបន់នេះឱ្យជិតធ្លាក់ជ្រោះ។ ហ្ស៊កដានីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ លុះត្រាតែគ្រប់គ្នាយល់ព្រមលើគោលបំណងរបស់ខ្លួន ដើម្បីបញ្ឈប់សង្រ្គាម គោរពមនុស្សជាតិរបស់ប៉ាឡេស្ទីន និងផ្តល់ជំនួយដែលពួកគេសមនឹងទទួលបាន»។

ចំណែកមន្ត្រី​សេតវិមាន​បាន​និយាយ​ថា «ឥឡូវ​នេះ លោកបៃដិននឹង​ទៅ​បំពេញ​ទស្សនកិច្ច​តែ​ប្រទេស​អ៊ីស្រាអែលមួយប៉ុណ្ណោះ»។

ចំណែកការផ្ទុះនៅមន្ទីរពេទ្យអាល់អាលី (al-Ahli) បានបន្សល់ទុកនូវទិដ្ឋភាពដ៏គួរឱ្យរន្ធត់។ វីដេអូ ដែលទីភ្នាក់ងារសារព័ត៌មាន Associated Press បានបញ្ជាក់ថាចេញពីមន្ទីរពេទ្យនេះ បានបង្ហាញអគ្គិភ័យឆាបឆេះអគារ ហើយបរិវេណមន្ទីរពេទ្យគឺពោរពេញទៅដោយសាកសពដាច់ជាចំរៀកៗ ដែលភាគច្រើនជាកុមារតូចៗ។ វាលស្មៅ​នៅ​ជុំវិញ​ពួក​គេគឺ​រាយប៉ាយ​ដោយ​ភួយ កាបូប​ស្ពាយ​សាលា និង​របស់​របរ​ផ្សេង​ទៀតជាច្រើន។

ឯការបង្ហូរឈាមនេះបានកើតឡើងខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យអនុញ្ញាតឱ្យមានការចែកចាយជំនួយផ្គត់ផ្គង់ដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីបដ៏តូច ដែលបានស្ថិតនៅក្រោមការហ៊ុមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ពួកហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ មនុស្សរាប់សែននាក់ដែលអស់សង្ឃឹមខ្លាំងឡើងកំពុងស្វែងរកនំបុ័ងនិងទឹក។

ចំណែកក្រុមហាម៉ាសបានហៅការបំផ្ទុះមន្ទីរពេទ្យកាលពីថ្ងៃអង្គារថាជា «ការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់ បណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល»។

ឯយោធាអ៊ីស្រាអែលបានស្តីបន្ទោសក្រុមជីហាដអ៊ីស្លាម ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនតូចជាងនិងជ្រុលនិយមជាង ដែលតែងតែធ្វើការជាមួយក្រុមហាម៉ាស។ យោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមបានបាញ់រ៉ុក្កែតនៅជិតមន្ទីរពេទ្យ ហើយថា «ការស៊ើបការណ៍ពីប្រភពជាច្រើន»បានបង្ហាញថា«ក្រុមនេះជាអ្នកទទួលខុសត្រូវ»។

អ្នកនាំពាក្យកងទ័ពជើងគោក លោក ដានីញែល ហាហ្គារី (Daniel Hagari) បាននិយាយថា «កងទ័ពបានកំណត់ថាមិនមានការវាយប្រហារដោយកម្លាំងទ័ពអាកាស ជើងគោក ឬ កងទ័ពជើងទឹកនៅក្នុងតំបន់នេះនោះទេ នៅពេលមានការផ្ទុះ»។

លោកបាននិយាយថា រ៉ាដាបានចាប់ការបាញ់គ្រាប់រ៉ុក្កែតដែលកំពុងបាញ់ចេញក្នុងពេលតែមួយ ហើយប្រព័ន្ធទំនាក់ទំនងដើម្បីស្ទាក់ចាប់រវាងក្រុមសកម្មប្រយុទ្ធបានបង្ហាញថា ក្រុមជីហាដអ៊ីស្លាមបានបាញ់រ៉ុក្កែត។

អ្នកនាំពាក្យរូបនេះក៏បានចែករំលែករូបភាពពីលើអាកាសដែលប្រមូលបានដោយដ្រូនយោធាផងដែរ ដែលបង្ហាញការបំផ្ទុះដែលគាត់និយាយថាមិនស៊ីសង្វាក់គ្នានឹងអាវុធរបស់អ៊ីស្រាអែល។ លោក​បាន​និយាយ​ថា «ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ចំណត​រថយន្ត​របស់​អគារមន្ទីរពេទ្យ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *