រថយន្តដឹកទំនិញ ប៉ះជាមួយម៉ូតូ បាត់បង់ជីវិត២នាក់ប្តីប្រពន្ធ នៅស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យមនុស្ស២នាក់ជាប្តីប្រពន្ធ បាត់បង់ជីវិត កើតឡើងនាថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១និង១៥នាទីរសៀល នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1T-6528 បើកបរដោយឈ្មោះ កួយ សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ឹម ដានី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយតាយា ឃុំស្វាយតាយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ 

លុះបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបើកឡើងទួលចូលផ្លូវរថយន្ត រអិលក្រឡាច់ដួលទៅខាងឆ្វេង ស្របពេលនោះមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក ពណ៌ស ប្រភេទដឹកទំនិញធុនតូច (មិនដឹងផ្លាកលេខ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាញ ដែលបើកបរមានទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ បានបុកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរដែលជិះម៉ូតូដួលបណ្តាលឱ្យបាត់បង់ជីវិតទាំងពីរនាក់តែម្តង។ ឯរថយន្តបានបើករត់គេចបាត់។

សមត្ថកិច្ចបន្តថា សាកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។រីឯម៉ូតូខូចខាតស្រាល១គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា «ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែស មានល្បឿនលឿនមិនប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ ឯអ្នកបើកបររថយន្ត បើករត់គេចមិនឈប់ទទួលខុសត្រូវ»៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *